យក​ដីខ្សាច់​លាយ​ជាមួយ​ដំឡូង​មី​ សាលាដំបូង​ខេត្ត បញ្ជា​ឱ្យ​ឃាត់ខ្លួន​

29-March-2016 | ដោយ មែន កំសត់


​បាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា ថៅកែ ​សាយ ​ឡូត៍​ដែល​ប្រើល្បិច​យក​ដីខ្សាច់​លាយ​ជាមួយ​ដំឡូង​មី​ស្ងួត ដើម្បី​ចង់​កេងចំណេញ​ភ្នែក​គីឡូ ត្រូវបាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បញ្ជា​ឱ្យ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន កាលពី​រសៀល​ថ្ងៃទី​២៨ មីនា បន្ទាប់​ថៅកែ​ដំឡូង​មី ដែល​ពោ​ពេញ​ដោយ​សេចក្ដី​លោភលន់​រូបនេះ ឆ្លើយ​សារភាព​នូវ​កំហុស​របស់ខ្លួន ។ ថា​ម៉េច​! ចង់​ចំណេញ​ធ្វើ​ដល់​ថ្នាក់​នេះ​ផង​

​សមត្ថកិច្ច បាន​ប្រាប់ថា ថៅកែ​សាយ​ឡូត៍​នោះ​ឈ្មោះកែ ​ហុង ហាន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីតាំងនៅ​ភូមិ​អូរ​កណ្ដោល ឃុំ​ត្រាវ​ជួរ ស្រុក​សំពៅ​លូន ។​​បើ តាម​ការ​ស្រង់​សម្តី​ពី​សមត្ថកិច្ច​ថា លោក​ហុង ហាន បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​ដីខ្សាច់ លាយ​ជាមួយ​ដំឡូង​មី​ស្ងួត​មែន ដើម្បី​ចំណេញ​ភ្នែក​គីឡូ ។ គាត់​សារភាព​ទៀតថា ដំឡូង​របស់គាត់​ភាគច្រើន ដឹកចេញទៅ​លក់​ឱ្យ​ឈ្មួញ​ថៃ ហើយ​ខ្លួន​ធ្វើបែបនេះ ទើប​ធ្វើ​ក្នុងអំឡុង​ខែមីនា​នេះ​ទេ ។ ប៉ុន្តែ​សមត្ថកិច្ច​បាន​អះអាងថា សកម្មភាព​ទុច្ចរិត​របស់លោក​ថៅកែ ហុង ហាន នេះ បាន​លេចឮ​យូរហើយ ហើយ​សមត្ថកិច្ច​ក៏បាន​ស៊ើបអង្កេត​លើ​ករណី​នេះដែរ  តែដោយសារ​សកម្មភាព​នេះ ច្រើនតែ​ធ្វើ​ពេលយប់ ទើប​សមត្ថកិច្ច​រក​មិនឃើញ​ភស្ដុតាង រហូត​នៅ​ព្រឹក​ថ្ងៃទី​២៨ មិនា ទើប​បែកធ្លាយ ។​

​បើតាម​សមត្ថកិច្ច បញ្ជាក់ថា  លោក​កែ ហុង ហាន ជា​ថៅកែ​សាយ​ឡូត៍​យីហោ «​ហុង ហាន​» នេះ ទំនង​ចៀស​មិន​ផុតពី​ការ​ទ​ទូល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​ឡើយ ព្រោះ​នៅ​ព្រឹក​ថ្ងៃទី​២៩ មីនា នេះ គេ​ឃើញ​មន្ត្រី​ជំនាញ ដែលមាន​ការចូលរួម​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះទៅពិនិត្យ​ដល់ទី​តាំង​សាយ​ឡូត៍​របស់លោក​ហុង ហាន នោះ​ហើយ ។ ដែល​ពេលនេះ លោក​ហុង ហាន កំពុង​ត្រូវ​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដើម្បី​រង់ចាំ​ចំណាត់​ការបន្ត ៕

ចំនួនអ្នកទស្សនា

    20533237

  • ថ្ងៃនេះ10061
  • ម្សិលមិញ15681
  • សប្តាហ៍នេះ68901
  • ខែនេះ90781
  • ឆ្នាំនេះ90781
  • សរុប20533237