បន្ទាយមានជ័យ ៖សមត្ថកិច្ចបានឃាត់ខ្លួនជនបីនាក់សង្ស័យ ពាក់ព័ន្ធករណីឃាតកម្ម លើបុរសម្នាក់ដែលប្រទះឃើញស្លាប់ក្នុងទឹកអូរនៅប៉ោយប៉ែត។ ហេតុការណ៍ភ្ញាក់ផ្អើលនោះ នៅក្បែរមាត់អូរព្រំដែន ក្រោយផ្សារមង្គល ស្ថិតក្នុងភូមិប៉ោយប៉ែតសង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦។
ប្រភពពីប្រជាពលរដ្ឋ និងប្រជាការពារភូមិ បានឲ្យដឹងថា មុនកើតហេតុគេឃើញមានមនុស្សបីនាក់ឈរលិបលរនៅម្តុំកន្លែងកើតហេតុ។ ដោយមានការសង្ស័យប្រជាការពារភូមិបានចុះទៅមើល ស្រាប់តែឃើញជននោះមួយក្រុមកំពុងឈរនៅមាត់អូរព្រំដែន រួចក៏សួរនាំហើយជនទាំងនោះ បាននិយាយថា ពួកគេប្រទះឃើញ សពលង់ទឹកស្លាប់។ បន្ទាប់មក ប្រជាការពារភូមិ បានបញ្ជារឲ្យ ជនសង្ស័យទាំងអស់នោះ ចុះរាវយកសពជនរងគ្រោះ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ មកលើគោក ពិនិត្យឃើញថា ត្រង់ផ្ទៃមុខសពរងគ្រោះ មានរបួសដូចត្រូវគេវាយ ហើយហោប៉ៅខោ ទំនងគេលូកយកប្រាក់។ ភ្លាមនោះ ប្រជាការពារភូមិសាកសួរបន្តក្រុមជនដែលស្ថិតនៅកន្លែងកើតហេតុបាន ប្រាប់ថា ពួកខ្លួនទើបស្គាល់ជនរងគ្រោះនៅពេលចូលទៅលេងល្បែងក្នុងកាស៊ីណូមួយ រួចនាំគ្នាមកដេកលេង នៅក្បែរអូរព្រំដែន នេះឯង។
ទោះបីជា មានការដោះសារបែបណាក្តី ជនទាំង៣នាក់ ត្រូវបានប្រជាការពារភូមិ ទាក់ទងហៅសមត្ថកិច្ច ចុះមកឃាត់ខ្លួន យកទៅសួរនាំហើយ បន្ទាប់ពីមានការសង្ស័យពាក់ព័ន្ធរឿងឃាតកម្ម រកឃើញឧបករណ៍សេពគ្រឿងញៀនមួយចំនួន នៅនឹងកន្លែងកើតហេតុសមត្ថកិច្ចកំពុងចាត់ការរឿងនេះ៕