អ្នកភូមិ​មិន​ហ៊ាន​ចូលរួម​ មង្គលការ​ជនបរទេស ព្រោះអាជ្ញាធរ មិនអនុញ្ញាត ​

30-March-2016 | ដោយ មែន កំសត់

 

កំពង់ធំ ៖ មង្គលការ​មួយ​ដែល​កូនកំលោះ​ជា​ជនបរទេស​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់ អ្នកភូមិ​ដែល​និយាយ​រិះគន់​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល​ថា ប្រហែលជា​មានការ​ឃុ​ប​ឃឹ​ត​គ្នា​ហើយ បានជា​បណ្តែតបណ្តោយ​ឲ្យ​ជនបរទេស​មក​រៀបកា​រ​ជាមួយ​កូនក្រមុំ​ខ្មែរ​ផ្អើល ពេញ​ភូមិ ហើយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ឆ្លើយ​ដាក់គ្នា​ថា​មិនដឹង ។​

​ទាក់ទង​ទៅដល់​ការរៀប​អាពាហ៍ពិពាហ៍​នារី​ខ្មែរ​ជាមួយ​ជនបរទេស​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​ផ្អាក​ម្ដង​រួចមកហើយ ពី​បាតុភាព​អវិជ្ជមាន​ជាច្រើន ដែល​បាន​កើតមានឡើង​កន្លង​មក ។ ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនបរទេស​ភ្លូកទឹកភ្លូកដី​កន្លងមក តាមរយៈ​មេអណ្តើក​នាំមក​រៀបការ​យកប្រពន្ធ​ខ្មែរ រួច​នាំយកទៅ​ធ្វើជា​ទាសករ​ផ្លូវភេទ ធ្វើជា​ខ្ញុំបម្រើ​ដាច់​ថ្លៃ និង​លក់​បន្ត​ដូចជា​សត្វ​ធាតុ ។ ហើយ​ហេតុការណ៍​ជាក់ស្ដែង​ដែល​បានកើត​ឡើង គឺ​ស្ដ្រី​ខ្មែរ​ដែល​រងគ្រោះ​ត្រូវបាន​ជួយសង្គ្រោះ​ជា​បន្ដ​បន្ទាប់ពី ប្រទេស​ចិន ។​

​នា​រសៀល​ថ្ងៃទី​២៩ មីនា នៅក្នុង​ភូមិ​ប្រាសាទ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ មាន​ពិធី​រៀបការ​កូនក្រមុំ ឈ្មោះ យឹម សៀម​លី និង​កូនកំលោះ​ជា​ជនជាតិ​អង់គ្លេស ឈ្មោះ ម៉ាក ចេ​ម​បាយ​រ៉ុ​ន ។ មង្គលការ​នេះ​ពុំមាន​លិខិត​យល់ព្រម​ពី​អាជ្ញាធរ​ភូមិ ឃុំ ស្រុក​អ្វី​ទាំងអស់ ហើយ​ពិធី​នេះ​បែរជា​ប្រព្រឹត្ត​ទៅដោយ​រលូន ពុំមាន​ការរារាំង​ណាមួយ​នោះឡើយ ។ ទោះបីជា​បែបណា​ភ្ញៀវពន្លឺ​ជិត​ឆ្ងាយ​នៅក្នុង​ភូមិ​ឃុំ​ខាងលើ​មិន​ហ៊ាន​ទៅ ចូលរួម​ហូប​ការ​អធិកអធម​អី​នោះទេ ព្រោះ​ខ្លាច​មានរឿង​កើតឡើង ។​

​លោក លឹម ផេ​ត មេភូមិ​ក្រសាំង​ប្រាប់ថា នៅមុន​ថ្ងៃ​មង្គលការ មាន​គេ​សុំច្បាប់​គាត់​ដែរ តែ​គាត់​ប្រាប់ថា រឿង​រៀបការ​ជាមួយ​ជនបរទេស​គាត់​មិន​ហ៊ាន​សម្រេច​ទេ ទៅ​ជួប​មេឃុំ​ទៅ ស្រាប់តែ​ឃើញ​ដើរ​ហៅភ្ញៀវ​ការ ។ លុះដល់​ថ្ងៃ​ការ​គាត់​ស្មានថា​គេ​បាន​ច្បាប់​ហើយ ។ លោក​មេភូមិ​បន្ដថា លោក​អនុ​សេនី​យ៏​ឯក ធៀ​ម ឆេង​គ្រី​អធិការរង​ស្រុក​កំពង់ស្វាយ បាន​ប្រាប់​គាត់​ថា បើ​មាន​អ្នកកាសែត ឬ​ទូរ​ទស្ស​ន៏​មក​សួរនាំ​ឲ្យ​ខ​ល​ប្រាប់​គាត់ ។​បានកត់សម្គាល់​ទៀតថា ក្នុងឱកាស​ពិសារ​ភោ​ជ​អាហារ មាន​ភ្ញៀវ​តិចតួច​ជា​សាច់ញាតិ​បាន​ចូលរួម ចំណែក​អ្នកភូមិ​អត់​ហ៊ាន​ចូលរួម​ទេ ព្រោះ​ខ្លាច​មាន​បញ្ហា ។​

​លោក អ៊ុច វណ្ណ​រី  មេឃុំ​ត្រពាំង​ឬ​ស្សី ប្រាប់ថា មាន​គេ​ទូរស័ព្ទ​មក​គាត់​សុំ​រៀបការ​កូន គាត់​ប្រាប់ថា ឲ្យ​យក​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់​មកជួប​ជាមួយ​ស្មៀន​ទៅ មិនអាច​ធ្វើ​លេងៗ​បានទេ ព្រោះ​រៀបការ​ជាមួយ​ជនបរទេស ហើយ​ស្មៀន​បាន​ប្រាប់​គាត់​ថា មិនអាច​អនុញ្ញាតិ​ឲ្យ​រៀបការ​ទេ ព្រោះ​គ្មាន​ឯកសារ​គ្រប់គ្រាន់ ។ ស្រាប់តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ខាង​កូនក្រមុំ​បាន​យក​ធៀប​ការ​មក​ជូន​គាត់ ហើយ​គាត់​ឆ្លើយថា ខ្ញុំ​មិន​ហ៊ាន​ទៅ​ចូលរួម​ទេ បើ​ធ្វើ​យ៉ាងហ្នឹង ។ លោក​មេឃុំ​ឱ្យដឹងទៀតថា លោក​អនុ​សេនី​យ៏​ឯក ធៀ​ម ឆេង​គ្រី អធិការរង​ស្រុក​កំពង់ស្វាយ បាន​ទូរស័ព្ទ​មក​សួរ​គាត់​ថា មាន​ជនបរទេស​មក​រៀបកា​រ​មែន​ទេ គាត់​ថា​មាន​មែន តែ​គ្មាន​ច្បាប់​នោះទេ ហើយ​គាត់​ក៏​សួ​ម​លោក​អធិការរង​ជួយ​មាន​វិធានការ​ផង ព្រោះ​ខាង​អន្តោប្រវេសន៍​គាត់​បាន​ប្រាប់​ហើយ ។​
​លោក​អនុ​សេនី​យ៏​ឯក ធៀ​ម ឆេង​គ្រី ពុំ​អាច​សុំ​ការបំភ្លឺ​បានទេ​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី​២៩មីនា ដោយសារ​ខ​ល​ចូល​ជាង​១០​លើក តែ​គ្មាន​អ្នកទទួល ។​

​ចំណែក​ខាង​សាច់ញាតិ​កូនក្រមុំ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ បាន​ប្រាប់ថា​បញ្ហា​រត់ការ​កូន​នេះ​ពួកគាត់​បាន​ឲ្យ​មេធាវី ឈ្មោះ ប៉ូ កា​ហ្សែ​ន ជា​អ្នក​រត់ការ​ក្នុង​រឿងនេះ ។ យើង​បាន​ព្យាយាម​សុំ​ការបំភ្លឺ​តាមរយៈ​ទូរស័ព្ទដៃ​របស់លោក ប៉ូ កា​ហ្សែ​ន ដែរ​តែ​មិនអាច​ទំនាក់ទំនង​បានទេ ។​

លោក​វរ​សេនី​យ៏​ត្រី ខេន ឈុន​គ័​រ អធិការនគរបាល​ស្រុក​កំពង់ស្វាយ ប្រាប់ថា លោក​ពុំ​បានដឹង​ទេ​រឿងនេះ ដោយ​លោក​ជាប់​ទៅ​បំពេញការងារ​ជាមួយ​លោក​អភិបាលស្រុក ។ លោក​ថា ចាំ​លោក​សួរនាំ​លោក​អនុ​សេនី​យ៏​ឯក ធៀ​ម ឆេង​គ្រី សិន លោក​នឹង​ឆ្លើយតប​វិញ ហើយក៏​ស្ងាត់​ទៅ ។​

​គួរ​កត់សម្គាល់ថា ក្នុង​ពិធីមង្គលការ​ប្លែក​មួយ​នេះ មិនដឹងថា តើ​ពួកគេ​មាន​សម្ព័ន្ធមេត្រីភាព​បែប​ណា​ទេ ទើប​ឈានដល់​រៀបការ​នេះ ។ ទំនង​គឺ​ស្មោះ​ស្ម​គ្រ​និង​គ្នា​ពី​ទីណា​មួយ​មកហើយ​មើលទៅ ។​
​លោក​ប្រធានភូមិ​បាន​និយាយថា ខាង​កូនក្រមុំ​បាន​ទៅធ្វើ​ការ​នៅ​ភ្នំពេញ ខាង​បកប្រែ ។ ដូច្នេះ​ទំនង​ពួកគេ​បាន​រិត​ចំណង​មេត្រីភាព​រួចហើយ ទំនង​អង្ករ​ក្លាយជា​បាយ​ហើយ ។ ចាត់ទុកថា​ត្រឹមត្រូវ​ហើយ ដែល​នាង​បាន​នាំ​កូន​ក​ម្លោះ​មក​សំពះ​ផ្ទឹម បំពេញមុខ​ឪពុកម្ដាយ និង​សាច់ញាតិ ។ ​ពេលវេលា​មកដល់​ហើយ​... ទូក​ចូលដល់​កំពង់​ហើយ រឿង​អី​មិន​ចូល​ចត ។ បើ​រង់ចាំ​ច្បាប់ តើ​ចាំ​ពេលណា​? ឬមួយ​អន្ទង់​វែង ចាំ​រក​ឆ្នាំង​វែង​បាន​សិន​... តើ​ពេលណា​ទៅ​?

​យ៉ាងណា​ក៏ដោយចុះ ពិធីមង្គលការ​បា​នប​ញ្ជ​ប់​ដោយ​រលូន គ្មាន​ផល​រមាស់​អ្វី​ឡើយ ហើយ​ពួកគេ​ទៅ​ផ្សំ​ដំណេក​នៅ​សណ្ឋាគារ​ខេត្ត​យ៉ាង​ត្រជាក់​ល្ហិ​ម ដែល​ចាត់ទុកថា កូនក្រមុំ​ខ្មែរ ទោះ​ខក​បែបណាក៏ដោយ បាន​ទា​ញក​មកជួប​សំពះ​ម៉ែឪ​បាន​តាម​ប្រពៃណី​ដែរ​គួរឱ្យ​សរសើរ​នាង​ទៅ ៕

ចំនួនអ្នកទស្សនា

    20534417

  • ថ្ងៃនេះ11241
  • ម្សិលមិញ15681
  • សប្តាហ៍នេះ70081
  • ខែនេះ91961
  • ឆ្នាំនេះ91961
  • សរុប20534417