ជួល​ឡាន​គេ​ជិះ បែរជា​បោក​យកទៅ​បញ្ចាំ​បន្ត​

30-March-2016 | ដោយ មែន កំសត់




​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ស្រះចក​ធ្វើការ​ឃាត់ខ្លួន​បុរស​ពីរ​នាក់ និង​រថយន្ដ​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​មួយគ្រឿង ក្រោយពី​ស្ត្រី​វ័យក្មេង​ម្នាក់​ជួល​យកទៅ​ជិះ​ហួស​ជិត​មួយខែ រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​មួយគ្រឿង ត្រូវបាន​ម្ចាស់​ដើម​ប្រទះឃើញ​កំពុងតែ​បើកបរ​ដោយ​បុរស​ចំនួន​២​នាក់ នៅតាម​ផ្លូវ​ចូលមក​កាន់​រាជធានី​ភ្នំពេញ ។ ក្រោយពី​ស្ត្រី​វ័យក្មេង​ម្នាក់​បានមក​ជួល​យកទៅ​ជិះ និង​ហួសកំណត់​ជិត​មួយខែ​មិនបាន​យក​រថយន្ត​មកអោយ​វិញ​នោះ​នឹង​ប្តឹង​ឲ្យ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក​ធ្វើ​ការឃាត់​តែម្តង​។​

​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​រង្វង់​មូល​កួច​កាណុង ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​បាន​ប្រាប់​ឱ្យដឹងថា បុរស​ដែល​បាន​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ ជា វណ្ណ​ឌិ​ត អាយុ​៤៤​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទៅ​លំនៅ​ក្នុងភូមិ​បុរី​កម្មករ ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត ជា​អ្នកបើក និង​ទី​២-​ឈ្មោះ សន ស៊ី​វុទ្ធី អាយុ​៣១​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ក្នុងភូមិ​ទឹកល្អក់ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ (​ជា​អ្នករួមដំណើរ​) ត្រូវបាន​ឃាត់ខ្លួន​នៅពេលដែល​កំពុងតែ​ជិះ​ក្នុង​រថយន្ត​ម៉ាក​កា​ម៉ា​រី បា​ឡែ​ន ព៌​ណ​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-2625 មួយគ្រឿង​នៅតាម​ផ្លូវ​សាធារណៈ​។​

​មុនពេល​កើតហេតុ កូនប្រុស​ម្នាក់​របស់​ម្ចាស់​ហ្គា​រាស ដែលមាន​យីហោ កោះ​កែវ បាន​ប្រទះឃើញ​រថយន្ត​របស់​ឪពុក​ដែល​ត្រូវបាន​ស្ត្រី​វ័យក្មេង​ម្នាក់​ដែល មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ម្នាក់ បាន​ជួល​យកទៅ​ជិះ​រហូត​ហួស​កាលកំណត់​ជិត​មួយខែ​មិនឃើញ​យកមក​ប្រគល់​ឲ្យ វិញ​នោះ នៅ​ម្តុំ​ព្រែក​ព្នៅ​ក្បែរ​ស្ពាន​លី​យ៉ុង​ផាត់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក៏​ជិះ​ម៉ូតូ​ដេញតាម​តែម្តង​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្តទៀតថា រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​ខាងលើ ត្រូវបាន​ស្ត្រី​ម្នាក់​មក​ជួល​យកទៅ​ជិះ​កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ក្នុង​មួយខែ​តម្លៃ​៥៥០​ដុល្លា និង​ត្រូវប្រគល់​មកឱ្យ​វិញ​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៦​នេះ​វិញ លុះ​មកដល់​ថ្ងៃ​ប្រគល់​ម្ចាស់​ទូរស័ព្ទ​ទាក់​ទៅ​មិន​ចូល​រហូត​។​ដោយសារតែ មិនឃើញ​យក​រថយន្ត​មក​ប្រគល់ឱ្យ​វិញ និង​បាត់​ដំណឹង​ច្រើន​ថ្ងៃ​ហួស​កាលកំណត់​នោះ ម្ចាស់​រថយន្ត​ក៏បាន​ព្យាយាម​តាមរក​ក៏​ត្រូវបាន​ប្រទះឃើញ​រថយន្ត​នេះ ដែល​បើកបរ​ដោយ​បុរស​ទាំងពីរ​នាក់ និង​ធ្វើការ​ដេញតាម​រហូតដល់​ចំណុច​ខាងលើ ទើប​រាយការណ៍​ប្រាប់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ស្រះចក​ធ្វើការ​ឃាត់​បានតែ​ម្តង ។​
​ពេលដែល​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើ​ការឃាត់​រថយន្ត​ម៉ាក​កាមរី​បា​ឡែ ន និង​ឃាត់ខ្លួន​បុរស​ទាំងពីរ​នាក់​រួចហើយ ក៏បាន​បញ្ជូនទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ស្រះចក តែ​ត្រូវ​បុរស​ជា​អ្នកបើកបរ​ម្នាក់​ខាងលើ​បាន​ប្រាប់ថា  រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​មួយ​គ្រឿ​នេះ​ត្រូវបាន​ស្ត្រី​ម្នាក់​យកទៅ បញ្ចាំ​ក្មួយ​របស់គាត់​នៅ​ចំការ​ដូង​ក្នុងតម្លៃ​៤​ពាន់​ដុល្លា គឺ​រូបគាត់​បាន​ខ្ចី​ពី​ក្មួយ​របស់គាត់​ជិះ​យកទៅ​ហូប​ការ​នៅឯ ខេត្តកំពង់ឆ្នាំង និង​មិនបាន​ដឹងថា​ពាក់ព័ន្ធ និង​ករណី​អ្វី​ឡើយ​។

​ក្រោយ​ពេលដែល​ធ្វើការ​សាកសួរ​លើ​បុរស​ទាំងពីរ​នាក់ ពាក់ព័ន្ធ​ទៅនឹង​ករណី​ឆបោក​រថយន្ត​នេះដែរ ខ្លួន​បុរស​ទាំងពីរ​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ធ្វើការ​ដោះលែង​ទៅវិញ ក្រោយពី​ក្មួយ​របស់គាត់​យក​ឯក​សារ​បញ្ចាំ​មក​បង្ហាញ ចំណែកឯ​រថយន្ត​ត្រូវបាន​ប្រគល់​ទៅឱ្យ​ម្ចាស់​ដើម​វិញ​ផងដែរ ដោយសារតែ​ម្ចាស់​មិនបាន​ដាក់ពាក្យ​បណ្តឹង និង​ឲ្យ​តែ​បានឃើញ​រថយន្ត​របស់​ខ្លួន​មកវិញ​នោះ ៕
    

ចំនួនអ្នកទស្សនា

    20534497

  • ថ្ងៃនេះ11321
  • ម្សិលមិញ15681
  • សប្តាហ៍នេះ70161
  • ខែនេះ92041
  • ឆ្នាំនេះ92041
  • សរុប20534497