បាត់ដំបង ៖ ក្មេងទំនើង២ក្រុមប្រដាប់ដោយកាំបិត និងដំបង បានកាប់ចាក់គ្នាមួយប្រាវនៅក្នុងកម្មវិធីរាំធុងបាស់កម្សាន្ត កាលពីវេលម៉ោង១០ និង១០នាទីយប់ថ្ងៃទី២៩ មីនា ស្ថិតនៅក្នុងភូមិស្រែអូរ ឃុំកកោះ ស្រុកមោងប្ញស្សី បណ្ដាលឱ្យមានរងរបួសធ្ងន-ស្រាលចំនួន៤នាក់ ហើយត្រូវឃាត់ខ្លួន៣នាក់ រីឯមួយចំនួនទៀត ដាក់មេប្រូចចោលស្រុកអស់ទាំងយប់ ។
ប្រភពឱ្យដឹងថា ក្រុមក្មេងទំនើងទាំង២ក្រុមនោះ បានប្រយុទ្ធគ្នាយ៉ាងឃោរឃៅនៅក្នុងកម្មវិធីរាំធុងបាស់ កម្សាន្តក្នុងភូមិ ដែលរៀបចំដោយយុវជនម្នាក់ឈ្មោះឡាង ប៉ូរី អាយុ២៣ឆ្នាំ តែមិនបានសុំច្បាប់ទម្លាប់ ឬទំនាក់ទំនងសុំកិច្ចសហការពីសមត្ថកិច្ចមូលដ្ឋានទេ។
មន្ត្រីដដែលបន្តថា ពួកគេបានប៉ះទង្កិចគ្នាពេលកំពុងរាំកំសាន្ត លុះបន្តិចក្រោយមក ក៏ឈានដល់ការប្រើកាំបិត និងដំបងដេញកាប់ ដេញវាយគ្នាផ្អើលពេញកម្មវិធីតែម្ដង ។
បើតាមសេចក្ដីរាយការណ៍ថា ការប្រយុទ្ធគ្នាដូចកំរោលចូលរវាង២ក្រុមនេះ បណ្ដាលឱ្យគួរបក្សដិបក្ស៤នាក់រងរបួសជាទម្ងន់ ។ ជនខ្លះរយះក្បាល ខ្លះរបួសដងខ្លួន និងរបួសដៃជើង ហូរឈាមស្រោចខ្លួន ហើយត្រូវសាច់ញាតិបញ្ជួនទៅកាន់មន្ទីរពេទ្យទាំងយប់ភ្លាមៗដែរ ដើម្បីសង្គ្រោះបន្ទាន់ ។ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ទាំងយប់ ក្រោយពីទទូលបានព័ត៏មាននេះ ប៉ុន្តែជនដៃដល់បានរត់គេចខ្លួនអស់បាត់ទៅហើយ លុះព្រឹកថ្ងៃទី៣០ មីនា ទើបសមត្ថកិច្ចតាមឃាត់ខ្លួនបានចំនួន៣នាក់ ក្នុងចំណោមជាង១០នាក់ ។
ជនទាំង៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះខុន សុផល ហៅង៉ា អាយុ២២ឆ្នាំ ២-ឈ្មោះខេង ខឿន អាយុ២០ឆ្នាំ និង៣-ឈ្មោះឡាត់ និមល អាយុ២០ឆ្នាំ ពួកគេរស់នៅក្នុងភូមិចកធំ ឃុំកកោះ ស្រុកមោងប្ញស្សី ។ សមត្ថកិច្ចក៏បានបញ្ជាក់ដែរថា ក្មេងទំនើងទាំង២ក្រុមនេះ គ្មានក្រុមណាមួយ ជាក្រុមរងគ្រោះទេ គឺសុទ្ធតែជនល្មើសទាំងអស់ ហើយពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនដៃដល់មួយចំនួនទៀត ដែលកំពុតរត់ចោលស្រុក៕