ភ្នំពេញ ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀន រហូតមានការផ្ទុះអាវុធជាច្រើនគ្រាប់ ដែលជាការប៉ះទង្គិចគ្នា ដោយជនសង្ស័យបាញ់តដៃជាមួយសមត្ថកិច្ចវិញ ដើម្បីបើករថយន្តគេចខ្លួន ។ ការបាញ់គ្នាមួយប្រាវនោះ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង៨និង៥០នាទី យប់ថ្ងៃទី២៩ មីនា នៅតាមបណ្តោយផ្លូវលេខ២០៥ និងផ្លូវលេខ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
អ្នកដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឱ្យអ្នករស់នៅនៅជិតកន្លែងកើតហេតុ និងអ្នកកំពុងធ្វើដំណើរតាមដងផ្លូវភ័យខ្លាចព្រលឹងចុងសក់ ពេលឃើញមានការបាញ់បោះដាក់គ្នា ដូចក្នុងសមរភូមិមុខកណ្តាលរាជធានី ដោយមិនគិតដល់អាយុជីវិតអ្នកដទៃឡើយ ។ អ្នករស់នៅតំបន់នោះម្នាក់ៗនឹកស្មានថា ក្រុមទាំង២មានរឿងអ្វីកើតឡើងតាំងពីថ្ងៃណាមកទេ បានជាមកបាញ់តដៃគ្នាទៅវិញទៅមករបៀបស៊ីសាច់ហុតឈាមនេះ ។
សមត្ថកិច្ចមូលដ្ឋានបានបង្ហើបឱ្យដឹងថា មុនពេលមានការបាញ់គ្នានេះកើតឡើង ដោយសារតែកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានដេញតាមមុខសញ្ញាចែកចាយគ្រឿងញៀន មានស្រីម្នាក់និងប្រុសម្នាក់ជិះរថយន្តឡិចស៊ីស RX 300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-4860 មួយគ្រឿង តែមិនដឹងថា ដេញតាមតាំងពីចំណុចណាមកទេ ។ លុះមកដល់ចំណុចខាងលើ ក៏ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានឡោមព័ទ្ធដើម្បីចាប់ ក៏ធ្វើឲ្យមានការបាញ់បើកផ្លូវពីសំណាក់ជនសង្ស័យ ទើបកម្លាំងដែលឡោមព័ទ្ធបានបាញ់តបតវិញដូចក្នុងសមរភូមិប្រយុទ្ធ ទម្រាំឈានដល់ការឃាត់ខ្លួនជនសង្ស័យមេថ្នាំញៀនទាំង២នាក់បាន និងដកហូតបានគ្រឿងញៀនពណ៌សថ្លា ចំនួន២កញ្ចប់ កាំភ្លើងខ្លីមួយដើម រួមទាំងរថយន្ត RX300 មួយគ្រឿង ។
ក្រោយពីកើតហេតុ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅ មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ។
ក្រុមមន្ត្រីប្រឆាំងគ្រឿងញៀនដែលបើកប្រតិបត្តិនេះមិនបានផ្តល់ ព័ត៌មានណាមួយដល់អ្នករាយការណ៍ព័ត៌មាននោះទេ ។ ប្រការគួរឲ្យកត់សម្គាល់នោះ គឺការបាញ់តដៃគ្នានោះមិនបានត្រូវរបួសភាគីខាងណាទេ សូម្បីជនសង្ស័យ ក៏មិនរងរបួសដោយគ្រាប់កាំភ្លើងសមត្ថកិច្ចដែរ ទោះបីកញ្ចក់មុខរថយន្តត្រូវបានបាញ់ទម្លុះសុសសាច់អស់ទៅហើយក្តី ។
មន្ត្រីនគរបាលមូលដ្ឋានបាននិយាយថា រឿងរ៉ាវទាក់ទិននឹងគ្រឿងញៀនរបស់ជនសង្ស័យមិនដឹងមានកម្រិតណានោះទេ ហើយពេលនេះក៏កន្លងហួសពីសមត្ថកិច្ចខណ្ឌ និងក្រុងទៅហើយ ។ ប្រភពក្រៅផ្លូវការឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួននេះ ក៏មានការទាក់ទិននឹងអំពើប្លន់ផងដែរ ៕