ស្ទឹងត្រែង ៖ យុវជនម្នាក់ ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវខ្សែភ្លើងឆក់ កាលពីព្រឹកថ្ងៃទី៣១ មីនា ២០១៦ស្ថិតនៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាត ក្រុងស្ទឹងត្រែង ខណៈជនរងគ្រោះបានយកម៉ូទ័របូមទឹក ដែលខូចមកជួសជុល ។
ប្រភព ឱ្យដឹងថា ជនរងគ្រោះឈ្មោះឃិន ចំរើន អាយុ២២ឆ្នាំ ដោយមុនពេលកើតហេតុ បន្ទាប់ពីជួសជុលម៉ូទ័ររួច រូបគេបានយកចានដែកធំចាក់ទឹក ដើម្បីធ្វើតេស្តថា តើវាដំណើរបានបាន ឬយ៉ាងណា តែដោយសារចានដែកដាក់ទឹកបានតិចពេក និងហៀរហូរពេញផ្ទះ រូបគេ ក៏យកម៉ូទ័រទៅដាក់នៅទន្លេ រួចប្រាប់បងប្អូនជីដូនមួយជួយដោតភ្លើងនៅលើផ្ទះ បន្ទាប់មកក៏បានតខ្សែភ្លើងទៅនឹងព្រីភ្លើង ស្រាប់ឆក់តែម្តង ។
ប្រភព បន្តថា ក្រោយពីដឹងថា ជនរងគ្រោះត្រូវភ្លើងឆក់និងសន្លប់នោះ ត្រូវគ្រួសារជួយដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តហើយត្រូវក្រុមគ្រូពេទ្យប្រាប់ថា សង្ឃឹមរស់តិចណាស់ ។ ដោយភាពអស់សង្ឃឹមនោះ ក្រុមគ្រួសារសាច់ញាតិក៏បាននាំត្រឡប់មកផ្ទះវិញ និងរៀបចំពិធីសង្គ្រោះបែបបុរាណ ដោយបានយកខ្សាច់មកកប់ និងស្រោចទឹកតិចៗ ។
លោកហ៊ីម សារ៉ន អតីតយោធាចូលនិវត្តន៍ ត្រូវជាឪពុក ជាជនរងគ្រោះ បានប្រាប់ឲ្យដឹងថា កូនប្រុសគាត់បានទៅផ្ទះឪពុកធំរបស់គេ ហើយឃើញម៉ូទ័របូមទឹករបស់ខ្លួន ក៏បានយកមកជួសជុល បងប្អូនជីដូនមួយរបស់គេប្រាប់ដែរថា មិនចាំបាច់ធ្វើទេ ចាំយកទៅឱ្យជាងធ្វើវិញ តែគេមិនព្រមចង់ជួសជុលដោយខ្លួនឯង ក៏ជួបបែបនេះតែម្តង ។
បច្ចុប្បន្ន រហូតមកទល់វេលាថ្ងៃត្រង់ថ្ងៃដដែលនេះ ជនរងគ្រោះនៅមិនទាន់ដឹងថា ស្លាប់ឬរស់នៅឡើយទេ ខណៈក្រុមគ្រួសារកំពុងធ្វើការសង្គ្រោះដោយកប់ខ្សាច់ និងស្រោចទឹក ៕