ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបានកើតឡើង ដោយរថយន្តកុងតឺន័រមួយគ្រឿង បានបើកបុករួចកិនអ្នកជិះម៉ូតូឌុបគ្នាបីនាក់ បណ្តាលឲ្យនារីពីរនាក់ផ្ទុះក្បាលខ្ទេចស្លាប់ភ្លាមនៅនឹងកន្លែង និងមា្នក់រងរបួស។ ឧប្បទ្ទវហេតុគួរឲ្យតក់ស្លុតនោះ បានកើតឡើងនៅមុខវត្តជោគមង្គភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។
សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះបាត់បង់ជីវិតឈ្មោះ ហ៊ុន ម៉េច អាយុ២១ឆ្នាំ ក្មេងស្រីឈ្មោះ សុខ ឆេងអ៊ាន អាយុ១១ឆ្នាំ ពីរនាក់បានស្លាប់យ៉ាងអណោចអធម ដោយរថយន្តកិនខ្ទេចក្បាល និងដងខ្លួន និងស្ត្រីម្នាក់ជាម្តាយរងរបួសឈ្មោះ ជា វឿន អាយុ៣១ឆ្នាំ អ្នករងគ្រោះទាំងបីនៅភូមិឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សាក្សីបានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់នេះ កើតឡើងមានរថយន្តកុងតឺន័រមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខព្រះសីហនុ 3A 1328 បើកបរទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាពាក់លេខភ្នំពេញ 1CT 9806 ជិះឌុបគ្នាបីនាក់ក្នុងដំណើរស្របគ្នា ក៏ស្រាប់តែកុងតឺន័រនោះ បានបុកពេញទំហឹងរួចកិន បណ្តាលឲ្យនារីរងគ្រោះស្លាប់ភ្លាមពីរនាក់ និងម្តាយរងរបួស។ ក្រោយពីបង្កឲ្យស្លាប់ និងរបួសមនុស្សរួចមក អ្នកបើកបរបានរត់គេចខ្លួនបាត់៕