ផឹកស៊ី​ទាស់​ពាក្យសម្ដី កាប់​២​ពូថៅ ត្រូវ​ជាប់​ខ្នោះ របស់​សមត្ថកិច្ច​

02-April-2016 | ដោយ មែន កំសត់


​តាកែវ ៖ បុរស​ម្នាក់​បានរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត ខណៈពេលដែល​ជនរងគ្រោះ និង​ជនបង្ក​កំពុង​ស៊ីផឹក​ជាមួយគ្នា ក៏​ស្រាប់តែ​ទាស់​ពាក្យសម្ដី​នឹង​គ្នា​យ៉ាងខ្លាំង ធ្វើឱ្យ​ជនបង្ក​ទាញ​បាន​ពូថៅ​មក​កាប់​ប្រហារ​ចំក្បាល​ជនរងគ្រោះ​ដេក ដួល​នៅនឹងកន្លែង ហូរឈាម​ពេញមុខ និង​ខ្លួន ចំណែក​ជនបង្ក​ក៏ត្រូវ​នគរបាល​ចាប់ខ្លួន​ភ្លាមៗ​ផងដែរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​រសៀល ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ ត្រង់ចំណុច​ម៉ុង​សក្តិ​៥ ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ព្រៃ​ផ្ដៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។​

​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ព្រៃកប្បាស បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល​រង​ការកាប់​ប្រហារ​ពី​ជនបង្ក​មានឈ្មោះ គង់ ផល្លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​សំបួរ ឃុំ​តាំង​យ៉ាប់ ស្រុក​ព្រៃកប្បាស ត្រូវ​ជនបង្ក​កាប់​ត្រូវ​ចំនួន​២​ពូថៅ ចំក្បាល​១​ពូថៅ និង​ត្រូវ​ចំហៀង​ខ្លួន​១​ពូថៅ រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។ ចំណែក​ជនបង្ក​មានឈ្មោះ រ៉ុង ពេជ្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែកបាក់ ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម មក​ស្នាក់នៅ​នឹងធ្វើ​ម៉ុង​នៅ​ភូមិ​ខាងលើ ។​

​នគរបាល​ព្រហ្មទណ្ឌ​ស្រុក បាន​បន្តទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ និង​ជនបង្ក​បាន​អង្គុយ​ផឹកស្រា​ជាមួយគ្នា ពេល​អង្គុយ​ផឹក​នោះ​ក៏មាន​ទំនាស់​ពាក្យសម្ដី​យ៉ាងខ្លាំង ហើយ​ជនល្មើស​ក៏បាន​ទាញ​ពូថៅ​កាប់​ចំក្បាល​ជនរងគ្រោះ​តែម្ដង ក្រោយពេល​កើតហេតុ ជនល្មើស​មិនបាន​គេចខ្លួន​ទេ បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះ​ចាប់ខ្លួន​តែម្ដង​។ ជនបង្ក​ហេតុ បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា រូបគេ​ពិតជា​បាន​កាប់​ទៅលើ​ជនរងគ្រោះ​២​ពូថៅ​ពិតប្រាកដ​មែន ដោយ​ជនរងគ្រោះ​និយាយ​ពាក្យសម្ដី​មិន​សមរម្យ​លើ​រូបគេ ។​

លោក​វរសេនីយ៍ទោ សែម សុជាតិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត បានឱ្យដឹងថា នៅពេលនេះ​លោក​កំពុងតែ​កសាង​សំណុំរឿង​ហើយ នៅ​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៦​នេះ បាន​បញ្ជូន​ជនបង្ក និង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត ដើម្បី​កាត់ទោស​ទៅតាម​ច្បាប់ ៕

ចំនួនអ្នកទស្សនា

    20536507

  • ថ្ងៃនេះ13331
  • ម្សិលមិញ15681
  • សប្តាហ៍នេះ72171
  • ខែនេះ94051
  • ឆ្នាំនេះ94051
  • សរុប20536507