ភ្នំពេញ ៖ នៅវេលាម៉ោង៨យប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូ បណ្ដាលឱ្យរងរបួសស្រាលពីរនាក់ និងស្លាប់ម្នាក់ ។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ម៉ូតូម៉ាកហុងដាវ៉េវRX សេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-1322 បើកបរមានគ្នាពីរនាក់ ដោយល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង ។
ស្របពេលជាមួយគ្នានេះដែរ ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ ព្រៃវែង 1B-4189 បើកឆ្លងផ្លូវមានតែម្នាក់ឯង ក៏ត្រូវម៉ូតូម៉ាកហុងដាវ៉េវRX បុកពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម បោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗមួយរំពេច ។ ចំណែឯជនបង្កទាំងពីរនាក់រងរបួសស្រាល ហើយឃើញសភាពបែបនេះ ក៏ភ័យស្លន់ស្លោនាំគ្នារត់គេចបាត់ស្រមោល ។
សពជនរងគ្រោះមានឈ្មោះ ផាន់ ហ៊ើ អាយុ៣៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលមានស្រុកកំណើតនៅភូមិថ្មពាន ឃុំអង្គតាសួរ ស្រុកជ្រុំ ខេត្តស្វាយរៀង ត្រូវបានក្រុមគ្រួសាររៀបចំដឹកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមទំនៀមទម្លាប់ ។ រីឯម៉ូតូទាំងពីរ ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរក្រុង យកទៅរក្សាទុករង់ចាំភាគីទាំងពីរមកដោះស្រាយ ៕