តរតនគិរី ៖ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ កាលពីវេលាម៉ោង៤ និង២៩នាទីល្ងាច ថ្ងៃទី១ មេសា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលាក់ទុកគ្រឿងផ្ទុះខុសច្បាប់ នៅចំណុចភូមិសោមត្រក់ចាស់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
មេបញ្ជាការអាវុធ ស្រុកអូរយ៉ាដាវ លោកវរសេនីយ៍ត្រី សុខ មីន ប្រាប់ឲ្យដឹងថា ករណីឃាត់ខ្លួននេះ ខណៈពេលដែលកម្លាំងលោកប្រទះឃើញជនសង្ស័យមានឈ្មោះ រម៉ាម ដួល អាយុ៤០ឆ្នាំ ជនជាតិចារ៉ាយ មានទីលំនៅកន្លែងកើតហេតុខាងលើ មានគ្រាប់បែកដៃ១គ្រាប់ ដាក់តាមខ្លួនកំពុងដើរផឹកស៊ី ។
លោកវរសេនីយ៍ត្រីបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ នេះកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវបានបញ្ជូនជនសង្ស័យខាងលើ និងវត្ថុតាងទៅទីបញ្ជាការអាវុធហត្ថខេត្តរតនគិរី ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕