ភ្នំពេញ ៖ ក្រុមចោរមានគ្នាពីរនាក់បានដក កាំភ្លើងខ្លីភ្ជង់នារីវ័យក្មេងពីរនាក់ ប្លន់យកម៉ូតូស្កុបពីមួយគ្រឿង ទៅបាត់នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ជិតជ្រកចូលទៅវត្តនាគវ័ន្ត នៅវេលារំលងអធ្រាត្រចូលយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
នារី រងគ្រោះដែលមិនបញ្ជាក់ឈ្មោះ បាននិយាយប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនកើតហេតុពួកគេទាំងពីរនាក់បានជិះម៉ូតូមកពីកម្មវិធីជប់លៀង នៅក្នុងកោះពេជ្រ ដោយជិះតាមផ្លូវសហព័ន្ធរុស្ស៊ី។ លុះជិះមកដល់ចំណុចកើតហេតុត្រង់ផ្លូវចូលទៅវត្តនាគវ័ន្ត ក៏លេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក Zommer X មិនចាំពណ៌ និងស្លាកលេខ បានឲ្យនាងឈប់ រួចដកកាំភ្លើងខ្លីភ្ជង់ និងគំរាមបាញ់សម្លាប់ចោល។ ដោយឮដូចនោះនារីរងគ្រោះទាំងពីរនាក់មានការភិតភ័យយ៉ាងខ្លាំងក៏បាន រត់ចោលម៉ូតូធ្វើឲ្យជនសង្ស័យមានឱកាសក៏យកម៉ូតូនារីងរគ្រោះជិះ គេចចេញ ពីកន្លែងកើតហេតុបាត់។
នារីរងគ្រោះបានបញ្ជាក់ថា ម៉ូតូដែលត្រូវជនសង្ស័យ ប្លន់យកទៅបាត់នោះម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខ ភ្នំពេញ1DQ-0774។ ក្រោយកើតហេតុនារីរងគ្រោះទាំងពីរ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្រះចក ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូជូននាងវិញផងដែរ។ ជាមួយគ្នានេះក្រោយកើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចទាំងនគរបាលនិង អាវុធហត្ថបានចុះទៅសាកសួរនិងនាំនាងទៅប៉ុស្តិ៍នគរបាលថាតើពិតជា ករណីប្លន់ ឬករណីផ្សេងទៀតរង់ចាំស្រាវជ្រាវសិន៕