ប៉ៃលិន ៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង គួរឱ្យអាណិតអាសូរ ខណៈនាំមិត្តភក្តិតូចៗ ដូចគ្នាចំនួន៣នាក់ ដើរចេញពីខ្ទមចាំចម្ការបម្រុងនឹងទៅដឹកគោផ្លាស់យកទៅឱ្យស៊ីស្មៅ នៅកន្លែងផ្សេង ស្រាប់តែកំពុងដើរសុខៗ ខណៈមេឃក្លាយទៅជាខ្មៅងងឹតលាយឡំទៅដោយភ្លៀងរលឹមស្រិចៗ បង្កជារន្ទះបាញ់ស្លាប់ម្នាក់តែម្តង ។ បន្ទាប់ពីរន្ទះបាញ់ភ្លាម ឪពុកកុមារារងគ្រោះក្រឡេកចេញពីខ្ទមចាំចម្ការ អត់ឃើញកូនរបស់ខ្លួនដើរជាមួយមិត្តភក្តិដទៃទៀត ទើបគិតថាកូនត្រូវរន្ទះបាញ់ លុះរត់ទៅមើលឃើញស្លាប់បាត់ទៅហើយ ធ្វើឱ្យមានការតក់ស្លុតយ៉ាងខ្លាំង ។
ហេតុការណ៍រន្ទះបាញ់ក្មេងប្រុសតូចម្នាក់ស្លាប់ ក្នុងចំណោម៣នាក់ ខណៈដើរតាមវាលចម្ការ បម្រុងទៅផ្លាស់គោរបស់ខ្លួនឱ្យស៊ីស្មៅកន្លែងផ្សេងនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១ ៦ ស្ថិតនៅចំណុចភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ ប្រភពព័ត៌មានពីលោក ជូ ឃី មេភូមិថ្នល់ទទឹង បានឱ្យដឹងថា កុមារារងគ្រោះមាន ឈ្មោះ រ៉េត សម្បត្តិ អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៤ រស់នៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ជាកូនពៅទី៦ មានបងប្រុស២នាក់ បងស្រី៣នាក់ ឪពុក ឈ្មោះ ទឹង រ៉េត អាយុ៥២ឆ្នាំ ម្តាយ ឈ្មោះ ហ៊ុន ទី អាយុ៥២ឆ្នាំ ជាកសិករ រស់នៅភូមិខាងលើ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ ឪពុកកុមារារងគ្រោះ បានប្រើកូនរបស់ខ្លួនរួមជាមួយនឹងមិត្តភក្តិពីរនាក់ទៀតឱ្យដើរទៅ ស្រាយខ្សែគោដែលចងឱ្យស៊ីស្មៅនៅចំងាយពីខ្ទមចាំចម្ការប្រហែល៥០ ម៉ែត្រ ឱ្យដឹកយកទៅចងនៅកន្លែងផ្សេង លុះពួកគេដើរបែកពីគ្នាចង្ងាយប្រហែល២០ម៉ែត្រ ស្រាប់តែមេឃស្រអាប់ក្លាយទៅជាភ្លៀងរលឹមស្រិចៗ ហើយបង្កទៅជារន្ទះបាញ់ចំកុមារារងគ្រោះ បណ្តាលឱ្យបាក់ក ខ្លោចពេញខ្លួន ស្លាប់ភ្លាមៗតែម្តង ។ក្រោយពេលកើតហេតុកុមារារងគ្រោះ ត្រូវឪពុកម្តាយយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ហើយកាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ ខាងសាខាកាកបាទក្រហមខេត្តប៉ៃលិន បាននាំយកអំណោយជាថវិកាចំនួន១លានរៀល អង្ករ១០០គីឡូក្រាម ទឹកសុទ្ធ១០យួរ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារផងដែរ ។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលត្រូវរន្ទះបាញ់ស្លាប់ ដោយកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី១១ ខែមីនា កន្លងទៅ ស្ថិតនៅចំណុចកន្លែងចិញ្ច្រាំដំឡូងមី ក្នុងភូមិអូរទឹកភ្លាវ ឃុំអូរងណ្តូង ស្រុកសាលាក្រៅ បុរសម្នាក់ក៏បានស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយម្នាក់ទៀតធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់សន្លប់ ត្រូវបងប្អូន ដឹកតាមរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈជនរងគ្រោះអង្គុយលើម៉ូតូចតឈប់ជ្រកភ្លៀង ពេលមេឃកំពុងភ្លៀងរលឹមស្រិចៗ លាយឡំដោយខ្យល់ ក៏ត្រូវរន្ទះបាញ់ចំស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់តែម្តង ។ ជនរងគ្រោះដែលស្លាប់ ឈ្មោះ យ៉ាន់ យ៉ាត ភេទប្រុស អាយុ៣៦ឆ្នាំ និងម្នាក់ទៀតរងរបួសធ្ងន់ ឈ្មោះ រឿន ណារិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាបងប្អូននឹងគ្នា ជាកម្មករចិញ្ច្រាំដំឡូងមី មានទីលំនៅក្នុងភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ៕