ភ្នំពេញ ៖ បុរសម្នាក់ដែលគេដឹងថា ជាមន្ត្រីសមត្ថកិច្ច ប៉ុន្តែមិនដឹងថា ជាអាវុធហត្ថ ឬនគរបាលនោះទេ ប្រដាប់ដោយកាំភ្លើងមួយដើមបានដេញបាញ់ជនមួយក្រុម ដែលប្រដាប់ដោយដាវសាមូរ៉ៃក្នុងដៃ ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលពេញភូមិ កាលពីវេលាម៉ោង១០យប់ថ្ងៃទី៤ មេសា ២០១៦ ស្ថិតនៅក្នុងភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពពីអ្នកភូមិសុំមិនបញ្ចេញឈ្មោះឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើកាន់កាំភ្លើងបានរត់ដេញបាញ់ម៉ូតូ២គ្រឿងម៉ាកនិច មិនចាំស្លាកលេខគ្នា ជិះគ្នា៣នាក់ប្រដាប់ដោយដាវសាមូរ៉ៃ ត្រូវបុរសនោះដកកាំភ្លើងបាញ់ចំនួន៤គ្រាប់ តែមិនមានគ្រោះថ្នាក់អ្វីទេ ។
ចំណែកសាក្សីដែលឃើញហេតុការណ៍ម្នាក់ទៀតថា មុនពេលកើតហេតុ នៅក្នុងភូមិមានកម្មវិធីឡើងគេហដ្ឋានថ្មី គេឃើញមានជនក្រុមក្មេងស្ទាវ៣នាក់ ជិះម៉ូតូ២គ្រឿងមានកាន់ដាវ និងកាំបិតនៅក្នុងដៃ ហើយបន្តិចក្រោយមកគេឃើញ មានបុរសម្នាក់បានដើរទៅសួរក្រុមក្មេងស្ទាវនោះថា មានការអី បានកាន់ដាវកាន់កាំបិតអ៊ីចឹង? ក្រុមនោះក៏បានប្រាប់ថា ឯងជាអ្នកនៅក្នុងភូមិនេះ យើងមិនកាប់ឯងទេ ក្រោយមកបុរសម្នាក់នោះ បានដើរទៅខ្សឹបបុរសម្នាក់ ដែលគេសង្ស័យជាកងកម្លាំងប្រដាប់អាវុធម្នាក់បានចូលរួមក្នុងកម្មវិធី ខាងលើនោះ ស្រាប់តែបន្តិចក្រោយមក បុរសនោះបានដកកាំភ្លើងដេញបាញ់ក្រុមក្មេងស្ទាវយ៉ាងសាហាវ បណ្ដាលឱ្យអ្នកភូមិដែលអង្គុយនៅខាងមុខផ្ទះនោះភ័យស្ទើរលេចនោម ដាក់ខោ ។
លុះក្រោយមក បុរសដែលដេញបាញ់ក្មេងស្ទាវនោះ បានដើរបកមកវិញ ហើយស្រែកប្រាប់អ្នកភូមិថា រូបខ្លួនដេញតាមបាញ់ចោរនោះទេ តែពេលដែលរូបគាត់កំពុងដេញបាញ់គេនោះ គាត់មិនបានស្រែកថា ចោរនោះទេ ស្រាប់តែពេលគាត់បាញ់រួចហើយ ទើបប្រាប់ថាដេញចោរដូច្នេះ។
នេះជាហេតុ ដែលធ្វើឱ្យពលរដ្ឋក្នុងភូមិមានការងឿងឆ្ងល់ ហេតុអ្វីបានជាបានការបាញ់បោះដោយសេរីបែបនេះ ហើយចំពោះអ្នកដែលមានអាវុធនៅក្នុងដៃចេះតែបាញ់ស្រេចតែអំពើចិត្ត បែបនេះ?
ក្រោយពេលកើតហេតុ គេឃើញកម្លាំងអាវុធហត្ថ និងកម្លាំងអន្តរាគមន៍ចុះទៅកន្លែងកើតហេតុ ហើយមានប្រជាការពារបានរើសសំបកកន្ទុះបានមួយគ្រាប់ប្រគល់ឱ្យទៅ កំលាំងអាវុធហត្ថ ដើម្បីស្វែងរកម្ចាស់អាវុធខាងលើ ។ ចំណែកកំលាំងសមត្ថកិច្ចមូលដ្ឋានជិតមួយម៉ោង ទើបបានមកដល់កន្លែងកើតហេតុ ដែលជាហេតុធ្វើឱ្យប្រជាជនក្នុងភូមិខាងលើ មានការមិនសប្បាយចិត្តជាមួយសមត្ថកិច្ចមូលដ្ឋានជាខ្លាំង ៕