ព្រៃវែង ៖ គ្រោងឆ្អឹងមនុស្សប្រុសម្នាក់ ត្រូវប្រជាពលរដ្ឋដើរដេញគោក្របីប្រទះឃើញ នៅវាលស្រែចម្ងាយជាងបួនគីឡូម៉ែត្រពីភូមិត្រកៀត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ គ្រោងសពបុរសនោះ ដែលគេប្រទះឃើញកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ក្រោយបាត់ខ្លួនជាងកន្លះខែ។
អ្នកភូមិបានឲ្យ ដឹងថា គ្រោងសពបុរសម្នាក់នោះឈ្មោះ ចន សុខចាន់ អាយុ៣៦ឆ្នាំ រស់នៅភូមិត្រកៀត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានបាត់ខ្លួនជាងកន្លះខែមិនដឹងទៅណាមកណា។ បើទោះបីជាសាច់ញាតិក្រុមគ្រួសារតាមរករហូតក៏មិនឃើញ។ ស្រាប់តែប្រជាពលរដ្ឋដើរដេញ គោក្របីតាមវាលស្រែចម្ងាយជាងបួនគីឡូម៉ែត្រពីភូមិ ក៏ប្រទះឃើញសាកសពរួចរាយការណ៍ទៅសមត្ថកិច្ច។ ក្រោយពីទទួលព័ត៌មានរួចសមត្ថកិច្ចបានចុះដល់ចំណុចគ្រោងឆ្អឹងមនុស្ស នោះ។ សមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យឃើញថា ជននោះស្លាប់មិនដឹងមូលហេតុ។ តែសង្ស័យថាដើរៗ ទៅខ្យល់គដួលស្លាប់តែម្នាក់ឯង។
សាច់ញាតិឃើញគ្រោងឆ្អឹងរួច បានអះអាងថាពិតជាសពបុរសឈ្មោះ ចន សុខចាន់មែនដោយសារសម្គាល់លើខោអាវជាប់ហ្នឹងខ្លួន មិនទាន់រលួយ។ បុរសនេះ មិនអាចមានសត្រូវអាចបង្កដល់បាត់បង់អាយុជីវិតទេ ដោយសារមនុស្សនេះមានសតិមិនគ្រប់តែងតែដើរចុះដើរឡើង ពេញភូមិ។ ពេលបាត់ខ្លួនអ្នកភូមិក៍ឆ្ងល់ មិនដឹងថា ទៅណាលុះ ពេលឃើញសពអ្នកភូមិស្ទើគ្រប់គ្នា សម្តែងនូវការអាណិតអាសូរ៕