ក្មេងៗ​ពុល​មី​កញ្ចប់​តូច​នៅ​សៀមរាប​

05-April-2016 | ដោយ មែន កំសត់


​សៀមរាប ៖ ក្មេងៗ​ប្រុស​ស្រី​៣​នាក់​បាន​ពុល​មី​កញ្ចប់​តូច​ម៉ាក​អា​ប៉ូ​ឡូ (APollo) ដែល​ពួកគេ​ទិញ​នៅ​តូប​ចាប់ហួយ​យកមក​ហូប ស្រាប់តែ​ក្អួតចង្អោរ​ពុល​តែម្តង ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ​មណ្ឌល​សុខភាព​ជីក្រែង ដើម្បី​ជួយសង្គ្រោះ​ទាន់ពេល ។ ហេតុការណ៍​ពុល​មី​កញ្ចប់​តូច​មាន​រសជាតិ​ជូរអែមៗ​ដែល​នាំ​មកពី​ភ្នំពេញ នេះ​កើតឡើង​កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៦ ក្នុងភូមិ​ក្រាំង ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ។​

​លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​ស្តីទី​ស្រុក​ជីក្រែង បានឱ្យដឹងថា ក្មេងៗ​ដែល​ពុល​មី​(​មី​សម្រាប់​ក្មេងៗ​)​ដែលមាន​លាយ​គ្រឿងផ្សំ​រួច​ច្រក កញ្ចប់​តូចៗ​លក់​នោះ​គឺ​ពិត​ជាមាន​មែន ហើយ​ហេតុការណ៍​នេះ​ក្រុមគ្រួសារ​បាន​ជួយ​យកទៅ​សង្គ្រោះ​ទាន់ពេល ដោយ​មិន​បណ្តាលឱ្យ​ក្មេង​ណា​ម្នាក់​រង​ការពុល​ធ្ងន់ធ្ងរ​នោះទេ ។ លោក​បន្តថា ក្មេង​ដែល​ពុល​មី​កញ្ចប់​តូច​ដែលមាន​លេខ​កូដ​៨៩១​នោះ​មាន ទី​១-​ឈ្មោះ ហឹម សុ​ឃី ភេទ​ស្រី អាយុ​៨​ឆ្នាំ​, ទី​២-​ឈ្មោះ ហឹម ឃន់ ភេទ​ប្រុស អាយុ​៣​ឆ្នាំ ត្រូវជា​ប្អូន​ឈ្មោះ ហឹម សុ​ឃី និង ទី​៣-​ឈ្មោះ វី ពិសិដ្ឋ ភេទ​ស្រី អាយុ​២​ឆ្នាំ អ្នក​ទាំង​៣​នាក់​នេះ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។​
​លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ បញ្ជាក់ថា ចំពោះ​ផលិតផល​មី​កញ្ចប់​តូចៗ​វិញ​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​ស្រុក កំពុងធ្វើការ​ត្រួតពិនិត្យ​ជាមួយ​មន្ទីរ​សុខាភិបាល​ស្រុក ដើម្បី​ឱ្យដឹងថា មី​កញ្ចប់​តូច​នោះ​មាន​សារធាតុពុល ឬមួយ​មកពី​ផលិតផល​នោះ​ហួស​កាលបរិច្ឆេទ ។​

​លោក​បន្ថែមថា ក្នុងនាម​ជា​សមត្ថកិច្ច​សូម​ធ្វើការ​អំពាវនាវ​ដល់​មាតា​បី​តា​ក្មេងៗ ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​អំ​ពី​បញ្ហា​សុខមាលភាព​របស់​កូនៗ ត្រូវធ្វើ​ការពន្យល់​ឱ្យបាន​ច្រើន​អំពី​នំចំណី​ដែល​ញាំ​ទៅ​ធ្វើឱ្យពុល ដូចជា​ករណី​ខាងលើនេះ ។​
​សូម​រំលឹកថា កន្លងទៅ​នៅ​ខេត្តសៀមរាប​ធ្លាប់មាន​កូនក្មេង​តូចៗ​បាន​ទៅ​ទិញ​នំចំណី ផ្សេងៗ​នៅតាម​តូប​ចាប់ហួយ ហើយ​បាន​ពុល​ជា​បន្តបន្ទាប់​ដែរ តែ​ជំនាញ​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​នេះ​ហាក់​នៅ​មិនទាន់​ស្រាយ​ចម្ងល់ ទាំងនេះ​ជូន​រាស្ត្រ​នៅឡើយ​ទេ ៕

ចំនួនអ្នកទស្សនា

    20537557

  • ថ្ងៃនេះ14381
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73221
  • ខែនេះ95101
  • ឆ្នាំនេះ95101
  • សរុប20537557