ភ្នំពេញ ៖ គណៈកម្មការជាតិដើម្បីទប់ស្កាត់និង បង្ក្រាបបទល្មើសព្រៃឈើដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសជាប្រធានបានដឹកនាំកម្លាំងចុះប្រតិបត្តិការប្រមូលឈើ ល្មើសច្បាប់មានរយៈពេលជាង២ខែទៅហើយក្តីតែក្នុងអង្គប្រជុំនៅនៅ ព្រឹកថ្ងៃទី៥ខែមេសាឆ្នាំ២០១៦មិនទាន់បង្ហាញពីទិន្នន័យឈើដែល បង្ក្រាបនិងប្រមូលបានកន្លងមកនោះនៅឡើយទេ។
លោកឧត្តម សេនីយ៍ត្រីអេង ហ៊ី អ្នកនាំពាក្យទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសបានបញ្ជាក់ឲ្យដឹងថានាយឧត្តមសេនីយ៍សៅសុខាបានកោះប្រជុំ មន្ត្រីពាក់ព័ន្ធដើម្បីពិនិត្យទៅលើប្រតិបត្តិការបង្ក្រាបនិងប្រមូល ឈើល្មើសច្បាប់។តែកិច្ចប្រជុំនេះមិនទាន់បានបូកសរុបចំនួនឈើទាំងអស់ តាមបណ្តាខេត្តនៅឡើយទេ ដោយសារឈើនៅតំបន់មួយ ចំនួនបូកសរុបមិនទាន់ចប់នៅឡើយ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងទៀតថា"ទិន្នន័យនៃការបង្ក្រាប បទល្មើសព្រៃឈើនាពេលកន្លងមក យើងបានទទួលហើយ។ ប៉ុន្ដែនៅខេត្តមណ្ឌលគីរី មិនទាន់បានទទួលនោះទេ ដូចេះ្ននៅកិច្ចប្រជុំថ្ងៃទី៥ខែមេសានេះ យើងបានឲ្យប្រធានបរិស្ថាន រដ្ឋបាលព្រៃឈើខេត្ត បូកសរុបហើយតែមិនទាន់រួចរាល់នៅឡើយទេ។ ប្រហែលជាពីរទៅ បីថ្ងៃទៀត ទើបយើងទទួលបានចំនួនពិតប្រាកដដូច្នេះពេលនេះ ខ្ញុំមិនអាចនិយាយពីចំនួនប្រហែលបានទេ ចាំបានពិតប្រាកដ ទើបអាចនិយាយបាន"។
គួររំលឹកថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសព្រៃឈើ មាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អនុប្រធានព្រមទាំងសមាជិក ៨រូបទៀត រួមមានរដ្ឋលេខាធិការក្រសួងបរិស្ថាន អគ្គនាយករដ្ឋបាលព្រៃឈើ និង អភិបាល ខេត្តចំនួន៦ គឺខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី។
សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃបិទសន្និបាតបូកសរុបការងាររបស់ក្រសួងអប់រំ នៅសប្តាហ៍មុន បានបញ្ជាឲ្យយកឈើ ដែលប្រមូល បានពីបទល្មើសទាំងអស់ទៅប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា ចាត់ចែងសាងសង់សាលារៀន គ្រឿងបរិក្ខាបម្រើវិស័យអប់រំ ព្រមទាំងផ្ទះលោកគ្រូ អ្នកគ្រូផងដែរ៕