កំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រីម្នាក់ដែលរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវនឹងកាំបិតប៉័ងតោគប់ចំបំពង់.ក ត្រូវបានស្លាប់ កាលពីវេលាម៉ោង០៧ និង៣០នាទីព្រឹកថ្ងៃទី០៦ មេសា ២០១៦ នេះ ស្ថិតនៅក្នុងមន្ទីរពេទ្យឧត្តុង្គ បន្ទាប់ពីគ្រូពេទ្យជួយសង្គ្រោះមិនបាន ព្រោះរបួសធ្ងន់ធ្ងរពេក ។
ប្រភពឱ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់ឈ្មោះសែស ស្រីដើង អាយុ៣៤ឆ្នាំ មានទីលំនៅភូមិក្រាំងស្លែង ឃុំព្រៃត្រពាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។
គួររំលឹកថា កាលពីយប់ថ្ងៃទី០៥ មេសា នោះ ស្ថិតនៅក្នុងភូមិស្តៅឯម ឃុំក្រាំងចេក ស្រុកឧត្តុង្គ គឺមានការរាំធុងបាស់ក្នុងពិធីមង្គលការមួយ ។ លុះដល់វេលាម៉ោង០៩យប់ថ្ងៃដដែល មិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែបងប្អូនកូនកំលោះ-កូនក្រមុំឈ្លោះទាស់ទែងគ្នា រហូតឈានដល់ប្រើហិង្សាវាយតប់ គប់កែវ គប់ដប និងគប់កាំបិតផងដែរ ។
ពេលនោះ គេឃើញស្ត្រីរងគ្រោះដែលកំពុងស្ថិតក្នុងហេតុការណ៍ខាងលើ ត្រូវគេគប់កាំបិតចំត្រង់ក.ស្ត្រីរងគ្រោះ បណ្តាលសន្លប់ស្តូកស្តឹងក្នុងថ្លុកឈាម ។ បន្ទាប់ពីឃើញស្ត្រីរងគ្រោះដេកសន្លប់ហើយ ក្រុមទាំងនោះ ក៏បានរត់គេចខ្លួនអស់ ហើយស្ត្រីរងគ្រោះត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឧត្តុងទាំងយប់ ។
បច្ចុប្បន្ន សាកសពស្ត្រីរងគ្រោះត្រូវបានបញ្ជូនមកលំនៅឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែកកម្លាំងសមត្ថកិច្ចកំពុងស្វែងរកមុខក្រុមបង្កទំនាស់ទាំងនោះហើយ ៕