​ខឹង​ចាប់​ទូ​ហ្គេម ដេញ​បាញ់ និង​វាយ​សន្តិសុខ​ខណ្ឌ​២នាក់​របួស​

06-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ កម្លាំង​សន្តិសុខ​របស់​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​២​នាក់ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ក្នុងខណៈ​ពេលដែល​ជនរងគ្រោះ​ទាំង​២​នាក់ ដឹក​ទូ​ហ្គេម​ដែល​ចាប់បាន​ចេញពី​ទីតាំង​ល្បែង​ហ្គេម​មួយកន្លែង ដើម្បី​នាំយកទៅ​ក្សា​ទុក​នៅ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ជន​អន្ធពាល​១​ក្រុម ដែល​គេ​សង្ស័យថា ជា​បក្សពួក​ផ្ទះ​បទល្មើស​ល្បែង​ហ្គេម​មួយ​នោះ រួម​និង​១​ក្រុម​ទៀត​ចេញពី ភោជនីយដ្ឋាន «​ក្រុង​ខ្មែរ​» មាន​កាំភ្លើង​ផង មាន​គ្នា​ប្រមាណ​ជាង​១០​នាក់ ស្ទាក់​ដេញ​បាញ់ និង​វាយ​នៅ​ពាក់​កណ្ដាលផ្លូវ ។​

​ហេតុការណ៍​នោះបាន​កើតឡើង កាលពី​វេលា​ម៉ោង​១​យប់​ថ្ងៃទី​០៥ មេសា ២០១៦ ស្ថិតនៅ​ចំណុច​មុខ​ភោជនីយដ្ឋាន «​ក្រុង​ខ្មែរ​» ស្ថិតនៅ​តាមផ្លូវ​បេតុង ខាងក្រោយ​សួន​កុមារ​ពោធិ៍ចិនតុង ក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនរងគ្រោះ​ឈ្មោះ​ឈាន លាប អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​រំដួល សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន ជ័យ រងរបួស​ធ្ងន់ធ្ងរ​ស​ន្ល​ប់​ស្ដូកស្ដឹង និង​ម្នាក់ទៀត​ឈ្មោះ​ខែម សំឡូត អាយុ​ជាង​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុង ខេត្តតាកែវ រងរបួស​ធ្ងន់​បែក​មុខ​បែក​មាត់ ។​

​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ កម្លាំង​សន្តិសុខ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក ​ឃឹម ស៊ុន សូ​ដា ដែលជា​អភិបាលរងខណ្ឌ បាន​ចុះទៅ​បង្ក្រាប និង​ចាប់​ទីតាំង​ល្បែង​ហ្គេម​មួយកន្លែង​នោះ ស្ថិតក្នុង​ភូមិ​តា​ងួន ដែលជា​ល្បែងស៊ីសង​​ចំ​តួ និង​កំពុង​ពង្វក់ស្មារតី​ក្មេងៗ ជាពិសេស សិស្សសាលា​ឲ្យ​ភ្លេច​ការរៀនសូត្រ​ផងដែរ ។​

​នៅក្នុង​ពេលនោះ កម្លាំង​ក៏បាន​ដកហូត​បាន​ទូ​ហ្គេម​មួយចំនួន ហើយ​បាន​ដឹក​តាម​រថយន្ត​សាលាខណ្ឌ យកទៅ​រក្សាទុក​ដោយ​ជនរងគ្រោះ​ទាំង​២​នាក់ ជា​អ្នកបើកបរ​រថយន្ត ម្យ៉ាងទៀត​នៅពេលនោះ កម្លាំង​សន្តិសុខ​បាន​បែកខ្ញែក​គ្នា​អស់ អត់​ជុំគ្នា​ឡើយ ។ លុះ​ពេលទៅដល់​ចំណុចកើតហេតុ​មុខ​ភោជនីយដ្ឋាន «​ក្រុង​ខ្មែរ​» ស្រាប់​តែមាន​ជន​អន្ធពាល​១​ក្រុម មាន​គ្នា​ប្រមាណ​ជាង​១០​នាក់ ជិះ​ម៉ូតូ​៥​ទៅ​៦​គ្រឿង ប្រដាប់​ដោយ​ដំបង​ដែល​បំពង់​ទីប​ក្នុង​ដៃ និង​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ផង បាន​ស្ទាក់​មុខ​រថយន្ត​សន្តិសុខ​។​
​ប្រភព​ដដែល​បន្តថា ខណៈនោះ​ជនរងគ្រោះ​បាន​ឈប់​រថយន្ត​ហើយ​បាន​ចុះទៅ ប្រុង​សួរនាំ​ប៉ុន្តែ​មិនទាន់បាន​សួរ​ផង ក៏ត្រូវ​បាន​ជន​អន្ធពាល​ទាំងនោះ វាយ​បណ្ដាលឱ្យ​ដួលសន្លប់​ម្នាក់​និង​បែន​មុខ​បែក​មាត់ ម្នាក់​យ៉ាងធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះ ជនពាល​បាន​ស្រែក​ខ្លាំងៗ​ថា ខ្លាច​អី​មេ​ធំ​អញ​នៅ​នឹង​ដែរ គ្មាន​អាណា​ហ៊ាន​ទេ ការស្រែក​បែបនេះ គឺ​មេ​ធំ​សំដៅទៅ​ក្រុម​អ្នក​នៅក្នុង​ភោជនីយដ្ឋាន «​ក្រុង​ខ្មែរ​»​ដែលមាន​កាំភ្លើង ។​

​ក្រោយពេល​អ្នក​ខាងក្រៅ​មានរឿង​បែបនេះ ខាង​អ្នក​នៅក្នុង​ភោជនីយដ្ឋាន​នោះ បាន​ចេញទៅ​ជួយ និង​បាន​ដក​កាំភ្លើងខ្លី​បាញ​សំដៅ​រថយន្ត​សន្តិសុខ​ចំនួន​២​គ្រាប់ តែ​មិន​បណ្តាល​ឲ្យ​ត្រូវ​ន​ណា​ម្នាក់​ឡើយ បន្ទាប់មក ក្រុម​ខ្មាន់កាំភ្លើង​បាន​វាយ​រថយន្ត​សាលាខណ្ឌ បណ្តាលឱ្យ​ខូច​រថយន្ត​ចំនួន​២​គ្រឿង ដោយ​មួយគ្រឿង​បែក​កញ្ចក់​នឹង​មួយគ្រឿង​ទៀត ក្រ​ពិត​កាប៊ីន រួច​ជនពាល​ខាងលើ បានគេច​ខ្លួន​បាត់ស្រមោល ។​

​ប្រភព​ដដែល​បាន​បន្តថា នេះ​ជាការ​បំពាន​យ៉ាងធ្ងន់ធ្ងរ លើ​កម្លាំង​សន្តិសុខ ក្នុងពេល​កំពុង​បំពេញ​ការ ងារ​ពី​សំណាក់​ក្រុម​ជនពាល ដែល​សង្ស័យថា ដៃជើង​ផ្ទះ​បើក​ល្បែង​ហ្គេម និង​ភោជនីយដ្ឋាន ក្រុង​ខ្មែរ​នោះ ហើយ​ក្រុម​ជនពាល​ទាំងនោះ ទំនង​ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​អស់ហើយ​ដែរ ប៉ុន្តែ​មិនបាន​តាម​ចាប់ខ្លួន​នោះទេ ព្រោះ​ក្រោយពេល​កើតហេតុ​ភ្លាមៗ លោក​អភិបាលខណ្ឌ​និង លោក​អធិការ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះទៅ​កាន់​ទីនោះ​ភ្លាមៗ ហើយ មាន​តំណាង​ជនបង្ក​ទាំងនោះ បាន​ចេញមុខ​ធ្វើការ សម្រុះសម្រួល​គ្នា ដោយ​សុំ​ឲ្យ​រង់ចាំ ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ហើយ​មាន​មជ្ឈដ្ឋាន​ជាច្រើន​កំពុង រង់ចាំ​មើល ថា​តើ​ជនរងគ្រោះ បានទទួល​នូវ​ភាពយុត្តិធម៌​ឬ​អត់​៕

ចំនួនអ្នកទស្សនា

    20540807

  • ថ្ងៃនេះ17631
  • ម្សិលមិញ15681
  • សប្តាហ៍នេះ76471
  • ខែនេះ98351
  • ឆ្នាំនេះ98351
  • សរុប20540807