ចាប់ខ្លួន​អ្នកលក់​រថយន្ត​គ្មាន​ពន្ធ និង​រត់ការ​ធ្វើឯកសា​រ​ក្លែងក្លាយ​

07-April-2016 | ដោយ មែន កំសត់


​កណ្តាល​៖ កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​សំណាក់​មេបញ្ជាការ​អាវុធ​ហត្ថ​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល ពី​តំណាង​អយ្យកា​រទាំង​២​រាជធានី​-​ខេត្ត នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បាន​បើក​ប្រតិបត្តិការ ចុះ​ស្រាវជ្រាវ និង​ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​លក់​រថយន្ត​គ្មាន​ពន្ធ លួច​ធ្វើឯកសារ​ក្លែងក្លាយ និង​ប្រើប្រាស់​រថយន្ត​ក្លែង​។ ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ប្រាប់ថា ជា​អ្នកលក់​រថយន្ត នៅ​ម្តុំ​ស្តា​ត​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​បានបង្ហាញ​ខ្លួនឯង​ម្តង​ជា​មន្ត្រីនគរបាល និង​ម្តង​មន្ត្រី​យោធា​ទៀតផង​។​
​មន្ត្រី​អាវុធហត្ថ​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន កសាង​សំណុំរឿង​ទៅ​តុលាការ ហើយ​នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦​នេះ ត្រូវបាន​លោក ងួន វុទ្ធី អនុប្រធាន​តុលាការ​ខេត្តកណ្តាល ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់ពន្ធនាគារ​ទៀតផង​។​

​មន្ត្រី​អាវុធហត្ថ​ខេត្តកណ្តាល បាន​បញ្ជាក់ថា ក្រោយពី​មាន​ករណី​ឆបោក​ដោយ​ប្រើ​ឯកសារ​ក្លែង កើតមានឡើង​នៅ​សេវា​បញ្ចាំ​មួយកន្លែង​នៅ​ក្រុង​តាខ្មៅ កាលពី​វេលា​ម៉ោង​១០៖៤០​នាទី​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៦ កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌ អ​.​ហ ខេត្ត បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ម្នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​យក​ឯកសារ​ក្លែង និង​រថយន្ត​១​គ្រឿង​ម៉ាក LEXUS RX-330 ពាក់​ផ្លាកលេខ​ភ្នំពេញ 2L-7492 ពណ៌​ទឹកប្រាក់​ស៊េរី​ឆ្នាំ​២០០៥ យកមក​បញ្ជាការ​ដ្នា​ន អ​.​ហ ខេត្ត​ធ្វើការ​សាកសួរ​និង​ស្រាវជ្រាវ​។ ជា​លទ្ធផល តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ និង​តាម​ការបញ្ជាក់​ពី​ជំនាញ​ពាក់ព័ន្ធ​ឃើញថា រថយន្ត​នេះ​ជា​រថយន្ត​គ្មាន​ពន្ធ​នាំចូល ឯកសារ​ពាក់ព័ន្ធ​រថ​យន្ត (​ប័ណ្ណ​សំគាល់​)​ក្លែងក្លាយ​។​

​ក្រោយពី​ជំនាញ​ស្រាវជ្រាវ និង​ពិនិត្យឃើញថា មានការ​ពាក់ព័ន្ធ​ទៅនឹង​បុគ្គល​មួយចំនួនទៀត ទើប​ជំនាញ​សុំ​គោល​ការ​ពី​លោក​ព្រះរាជអាជ្ញា សុំ​ធ្វើការ​ពន្លាត​ដែនដី​សមត្ថកិច្ច ដោយមាន​ការសហការ​យ៉ាង​ល្អ​ពី​សំណាក់ អ​.​ហ រាជធានី​ភ្នំពេញ ព្រមទាំង​ជំនាញ​ពាក់ព័ន្ធ នៅវេលា​ម៉ោង​១៖៤៣​នាទី​រសៀល​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៦ កម្លាំង​ជំនាញ​ឈានដល់​ការឃាត់ខ្លួន​ជ​នស​ង្ស​យ័​ម្នាក់ទៀត​ឈ្មោះ ប៉ាវ សំអាត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​អ្នកចំរៀង​អ័ក​កាង​ដង់ ស្នាក់នៅ​ផ្ទះជួល ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ជា​អ្នកលក់​រថយន្ត និង​រត់ការ​ធ្វើឯកសា​រ​ក្លែងក្លាយ​) នៅ​ចំណុច​ម្តុំ​ស្តា​ត​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​ធ្វើការ​ដកហូត​រថយន្ត​អត់​ពន្ធ​១​គ្រឿង​ម៉ាក LEXUS RX-330 ពាក់​ផ្លាកលេខ ភ្នំពេញ 2U-1571 ពណ៌​ទឹកប្រាក់​ស៊េរី​ឆ្នាំ​2005(​គ្មាន​ពន្ធ​នាំចូល​) និង​ឯកសារ​ក្លែងបន្លំ​មួយចំនួន​។​

​ក្នុងករណីនេះ កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់ និង​យកចិត្តទុកដាក់​បំផុត​ដើម្បី​ស្វែងរក​បក្ខពួក​ពាក់ព័ន្ធ​មួយចំនួនទៀត​។ ជាមួយគ្នានេះ កាលពី​រសៀល​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្លូវលំ ភូមិ​-​ឃុំ​អ​រី​យក្ស​ត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល កម្លាំង​អាវុធហត្ថ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហេង ដា​រា អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​កន្លែងកើតហេតុ​។ ក្រោយ​ចាប់ខ្លួន​ចាប់ខ្លួន កម្លាំង​អាវុធហត្ថ បាន​ដកហូត​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន​២​កញ្ចប់​តូច និង​សម្ភារ​សម្រាប់​ប្រើប្រាស់​មួយចំនួនទៀត​៕

ចំនួនអ្នកទស្សនា

    20539217

  • ថ្ងៃនេះ16041
  • ម្សិលមិញ15681
  • សប្តាហ៍នេះ74881
  • ខែនេះ96761
  • ឆ្នាំនេះ96761
  • សរុប20539217