កោះកុង ៖ បុរសជាប្តីបានរងរបួសរយះខាងក្រោមជំនីរខាងស្តាំ បន្ទាប់ពីត្រូវប្រពន្ធទ្រាំលែងបាន ក៏ទាញកាំបិតផ្គាក់មកកាប់ប៉ងសម្លាប់តែម្តង ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦ និង៥០នាទីយប់ថ្ងៃទី០៦ មេសា ២០១៦ ស្ថិតនៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ប្រភពឱ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះហ៊ុន ណេង អាយុ៤២ឆ្នាំ ជាកម្មករលីឈើ មានប្រពន្ធឈ្មោះង៉ែត គាន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពបន្តថា មុនពេលផ្ទុះហិង្សានេះ គឺដំបូងបុរសជាប្តីអង្គុយផឹកស្រានៅលើផ្ទះ ហើយក៏បានប្រើកូនស្រីឱ្យទៅចៀនត្រីក្លែម ។ ពេលនោះ ត្រូវកូនស្រីប្រកែកមិនទៅ ធ្វើឱ្យឪពុកខឹងក៏ជេរដៀលថា «ង៉ែញថ្ងៃណាមួយ អញនឹងចាប់រំលោភ ហើយកាត់.ក កាត់ដៃ កាត់ជើងចោលតែម្តង» ។
ខណៈនោះ ត្រូវស្ត្រីជាប្រពន្ធឮប្តីនិយាយដូច្នោះ ក៏ឡើងទៅលើផ្ទះឃាត់ប្តីឱ្យឈប់ផឹកស្រាទៅ ហើយទាញដបស្រាគ្រវែងចោល ធ្វើឱ្យប្តីខឹងយ៉ាងខ្លាំង ក៏ស្ទុះមកវាយប្រពន្ធ២-៣ដៃដួលផ្ទប់ជញ្ជាំង ។ គាប់ជួននៅក្បែរនោះ មានកាំបិតផ្គាក់ត្រូវប្រពន្ធទាញមកកាប់ទៅប្តីតែម្តង តែត្រូវប្តីគេចទាន់ ត្រូវចំក្រោមឆ្អឹងជំនីរ រួចក៏មានការផ្អើលដល់អ្នកជិតខាងតែម្តង ។
គួរបញ្ជាក់ថា បុរសរងគ្រោះជាប្តី កន្លងមកតែងតែផឹកស៊ីរករឿងវាយប្រពន្ធ កូនច្រើនលើកច្រើនសារមកហើយ មិនតែប៉ុណ្ណោះ ជាមនុស្សស្រវឹងខួប និងធ្លាប់ជាប់ពន្ធនគាររយៈពេល២ឆ្នាំហើយ ៕