ករណី​អគ្គិភ័យ​ឆេះ​ផ្សារ​នៅក្រុង​ស្ទឹងត្រែង

08-April-2016 | ដោយ មែន កំសត់


​ស្ទឹងត្រែង​៖ ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ តារា បាន​បញ្ជាក់ថា អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ផ្សារ​ក្រុង​ស្ទឹងត្រែង​នា​យប់មិញ ជា​លទ្ធផល នៃ​ទំហំ​ការខូចខាត​នោះ គឺ​ភ្លើង​បាន​បំផ្លាញ​តូប​លក់ដូរ​របស់​អាជីវ​ករ​ចំនួន​១២២០​តូប តែ​លោក​មិនទាន់​ដឹងថា គិត​ជា​ទឹកប្រាក់​អស់​ប៉ុន្មាន​នោះទេ ដោយ​រង់ចាំ​ការ សួរនាំ​ពី បងប្អូន​អាជីវករ​បន្តទៀត​។​​សូមបញ្ជាក់ថា អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៥​នាទី​យប់​ថ្ងៃ​៧ ខែមេសា ឆ្នាំ​២០១៦ ដែលមាន​អណ្តាតភ្លើង​ឆេះ យ៉ាង​សន្ធោសន្ធៅ​ចេញពី​កណ្តាល​ផ្សារ​។​

​លោកស្នងការ​បានបញ្ជាក់​នៅក្នុង​របាយការណ៍​ថា «​យើង​បាន​ប្រើប្រាស់​កម្លាំង វិធានការ និង​មធ្យោបាយ​សរុប ដោយមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ខេត្ត​ចំនួន​៣​គ្រឿង រថយន្ដ​ដឹក​ទឹក​របស់​មន្ទីរ​សាធារណការ​ចំនួន​២​គ្រឿង រថយន្ត​របស់​ប្រជាជន​៣​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គ​យ​ភ័យ​ពី​ស្នងការដ្ឋាន​ខេត្តក្រចេះ និង​ខេត្ត​រតនគីរី​២​គ្រឿង​មកជួយ​ផងដែរ​»​។​

​ដោយសារតែ​ស្ថានភាព ពិបាក​គ្រប់គ្រង​ដោយ​ជោគជ័យ ពី​ព្រោះតែ​ភ្លើង​ឆាបឆេះ​មាន​ល្បឿន​លឿន​ខ្លាំងពេក កម្លាំង​សមត្ថកិច្ច​បានសម្រេច​ប្រើ អេស្កាវ៉ាទ័រ​កាយ​តូប​សងខាង ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​រាលដាល​ដល់ផ្ទះ​ប្រជាជន​ជុំវិញ​ផ្សារ​។​​លោកស្នងការ​បានបង្ហាញ​ការលំបាក នៃ​ប្រតិបត្តិការ ពន្លត់​អគ្គិភ័យ​មួយ​នេះ​ថា «​មូលហេតុ​គ្រប់គ្រង​សភាពការណ៍​មិនបាន ដោយសារ​ភ្លើង​ចាប់ផ្តើម​ឆេះ​ខ្លាំង​ពី​កណ្តាល ពិបាក​ចូល និង​មាន​ធុង​ហ្គាស​ជាច្រើន​បាន​ផ្ទុះឡើង​»​។​

​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ចុះទៅ​សួរនាំ និង​ធ្វើ​របាយការណ៍​បន្ថែម ស្តីអំពី ការខូចខាត​ព្រមទាំង​បាត់បង់​ទ្រព្យសម្បត្តិ​នៅតាម​តូប​លក់ដូរ​នីមួយៗ​។ យ៉ាងណា​ក​ដ៏​ដោយ សម្រាប់​អគ្គិភ័យ​ដ៏​ខ្លាំងក្លា​មួយ​នេះ មិនមាន​សេចក្តីរាយការណ៍​អំពី​គ្រោះថ្នាក់ ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​នោះឡើយ​៕

ចំនួនអ្នកទស្សនា

    20539437

  • ថ្ងៃនេះ16261
  • ម្សិលមិញ15681
  • សប្តាហ៍នេះ75101
  • ខែនេះ96981
  • ឆ្នាំនេះ96981
  • សរុប20539437