ព្រៃវែង ៖ មេភូមិស្ទឹងស្លូត លោក ឃុន ចាប និងភរិយា បានរងរបួសយ៉ាងធ្ងន់ធ្ងរ ឯនារីវ័យក្មេងម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែត្រូវរថយន្តកុងទីន័របុកពីក្រោយ និងកិនអូសជាង១០ម៉ែត្រ ចំណែករថយន្តកុងតឺន័របានបើកគេចខ្លួនបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ខាងមុខស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ស្ថិតក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ជនរងគ្រោះនៅក្នុងហេតុការណ៍នេះ ១-ឈ្មោះ ឃុន ចាប ភេទប្រុស អាយុ៦៥ឆ្នាំ ជាមេភូមិស្ទឹងស្លូត, ២-ឈ្មោះ បាន នាង ភេទស្រី អាយុ៤៧ឆ្នាំ ជាប្រពន្ធរបស់លោកមេភូមិ អ្នកទាំង២បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាមទាំងយប់ និង ៣-ឈ្មោះ ហួន សុគន្ធលីណា ភេទស្រី អាយុ១៨ឆ្នាំ ជាអ្នកចម្រៀង មានទីលំនៅក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា លោក ឃុន ចាប ក្រៅពីការងារជាមេភូមិ លោកមានមុខរបរមួយទៀត គឹក្រុមភ្លេងអកកេះច្រៀងតាមរោងការ ហើយនៅល្ងាចថ្ងៃកើតហេតុនោះ ជនរងគ្រោះទាំង៣នាក់បានទៅលេងភ្លេង និងច្រៀងនៅក្នុងពិធីមង្គលការនៅខាងត្បូងសាលាឃុំអ្នកលឿង ។ ក្រោយចប់កម្មវិធី អ្នកទាំង៣បានជិះម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1-E3865 ធ្វើដំណើរត្រឡប់មកផ្ទះវិញនៅភូមិស្ទឹងស្លូត ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តកុងទីន័រ១គ្រឿងបើកមក ពីក្រោយហើយបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូដួលបោកទៅលើថ្នល់ ខ្ទាតប្តីប្រពន្ធលោកមេភូមិទៅចិញ្ចើមថ្នល់ ចំណែកនារីអ្នកចម្រៀងត្រូវរថយន្តកិនអូសជាង១០ម៉ែត្រទើបរបូតចេញពី រថយន្ត និងស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង រីឯរថយន្តបង្កបានបើកគេចបាត់ដោយសុវត្ថិភាព គ្មានអ្នកណាបានដឹងពីអត្តសញ្ញាណនោះទេ ។
ក្រោយកើតហេតុ សពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិនាំយកទៅ ធ្វើបុណ្យតាមប្រពៃណី រីឯប្តីប្រពន្ធលោកមេភូមិត្រូវកូនៗនាំយកទៅព្យាបាលបន្តនៅ មន្ទីរពេទ្យកាឡាន់ ប្រទេសវៀតណាម ៕