ត្បូងឃ្មុំ ៖ ដោយសារភ្លើងស្នេហ៍ដែលសង្ស័យផ្តើមចេញពីស្នេហាត្រីកោណ បានធ្វើឲ្យកូនកម្លោះដែលទើបនឹងរៀបការត្រូវបានគេល្បួងទៅ បង្អកស្រារហូតដល់ស្រវឹងធ្លាក់ភ្នែកហើយប្រើកាំបិតចាក់លើរាងកាយ និងចាក់បំពង់កសម្លាប់បំបិទមាត់ ។ ដោយនារីជាប្រពន្ធបានបំភាន់សមត្ថកិច្ចមូលដ្ឋានថាបានស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៏ទៅវិញ ទោះជាបែបនេះក្តីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានបំបែកសំណុំរឿងនោះ ដោយទីបំផុតរឿងពិតគឺប្រពន្ធជាឃាតករទៅវិញ ចំណែកបក្សពួក២នាក់ទៀតបានរត់គេចខ្លួនបាត់ ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងនៅយប់ថ្ងៃទី៩មេសានេះថា កូនកំលោះឈ្មោះ សុភាព អាយុ២៤ឆ្នាំ ដែលមានទីលំនៅភូមិព្រីង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ បានស្រលាញ់កូនក្រមុំគេម្នាក់ដែលមានរូបឆោមស្អាតគ្រាន់បើឈ្មោះ ឡាយ ថារី អាយុ១៦ឆ្នាំ នៅភូមិជាំធ្លក ឃុំពពេល ស្រុកពញាក្រែក ដែលមិនទាន់គ្រប់អាយុរៀបការ គឺបានស្តីដណ្តឹងទុកកាលពី២ឆ្នាំមុន ។ កាលណោះមានឪពុកម្តាយចូលទៅស្តីដណ្តឹងតាមប្រពៃណីត្រឹមត្រូវ ថែមទាំងមានចាស់ទុំក្នុងភូមិជាច្រើននាក់ធ្វើជាសាក្សីដឹងឮថែម ទៀត ដោយមានភាពអំណត់កូនកំលោះនេះបានចាកចេញពីស្រុកកំណើតដើម្បីទៅ ធ្វើការជាពលករនៅប្រទេសថៃបាន២ឆ្នាំ ប្រឹងប្រែសន្សំបានលុយឲ្យបានច្រើនសមល្មម លុះពេលនាងមានអាយុគ្រប់រៀបការ១៨ឆ្នាំ បានវិលត្រឡប់មកស្រុកកំណើតវិញនៅថ្ងៃទី២៥ មីនា ២០១៦ ។ នៅថ្ងៃទី៣ មេសា ក៏បានរៀបការនៅភូមិជាំធ្លក ឃុំពពេល ស្រុកពញាក្រែក ដោយមានញាតិមិត្តជិតឆ្ងាយបានចូលរួមឲ្យពរឲ្យជ័យដល់គូ ស្វាមីភរិយាថ្មោងថ្មី ព្រោះថានៅថ្ងៃទី៥ មេសា នឹងត្រូវចេញដំណើរវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញផងដែរ ។
លោកវរសេនីយ៍ត្រី ឡុង សារិន បន្តទៀតថា ក្រោយរៀបការ១ថ្ងៃ ពីរនាក់ប្តីប្រពន្ធនាំគ្នាជិះម៉ូតូដើរលេងជួបជុំមិត្តភក្តិ នៅល្ងាចថ្ងៃទី៤មេសា ដោយយប់ជ្រៅណាស់ទៅហើយឪពុកម្តាយបានចាំមើលផ្លូវចាំបាត់ៗដោយ មានការព្រួយបារម្ភណាស់ ចំណែកទូរស័ព្ទក៏ទាក់ទងមិនបានទៀត ។ ហើយនៅព្រឹកថ្ងៃទី៥មេសាបានឲ្យម៉ូតូឌុបទៅតាមរកមើលនៅផ្ទះខាង កូនប្រសារស្រី នៅភូមិជាំធ្លក ឃុំពពេល ស្រុកពញាក្រែក ក៏ដឹងថាកូនប្រុសរបស់គាត់ត្រូវបានស្លាប់ ដំបូងថាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ។ តែតាមណ្តាញសង្គមហ្វេសប៊ុក ឪពុកជនរងគ្រោះបានឃើញរូបថតដែលគេបង្ហោះនោះឃើញមានស្លាកស្នាមនៅលើ ដើមទ្រូង និងនៅ.កមានស្នាមរបួសដោយដាច់ស្នាមវែងៗ ក៏បានគិតថានេះមិនអាចជាករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ ។ ទើបនៅថ្ងៃទី៦មេសា២០១៦ ឪពុកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក ត្បូងឃ្មុំ ដើម្បីឲ្យជួយធ្វើការស៊ើបអង្កេតឡើងវិញ ។
ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តនោះ ក្រោមកិច្ចសហការជាមួយនឹង នគរបាលស្រុកពញាក្រែក ទីបំផុតបានបំបែកសំណុំរឿងខាងលើដោយជោគជ័យ ក៏សំរេចឃាត់ខ្លួនស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះតែម្តង ។ លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំ បានធ្វើការសន្និដ្ឋានថា នៅពេលដែលជនរងគ្រោះចេញទៅជាមួយនឹងប្រពន្ធនោះ ពិតជាមានការបង្អកស្រារហូតដល់ស្រវឹងធ្លាក់ភ្នែកលុះពេលដែលជិះ ម៉ូតូចេញត្រឡប់មកផ្ទះវិញ ដោយមានមនុស្សប្រុសម្នាក់ជាអ្នកឌុបជនរងគ្រោះមកផ្ទះ តែនៅពេលដល់កន្លែងស្ងាត់ក៏បាននាំគ្នាព្រួតចាក់សម្លាប់ជនរង គ្រោះរហូតស្លាប់ និងបានដឹកតាមម៉ូតូ១គ្រឿង លុះពេលមកដល់ត្រង់ផ្លូវលំមួយនៅភូមិថ្មី ឃុំពពេល ក៏បានរុញជនរងគ្រោះទម្លាក់ចុះពីលើម៉ូតូ ហើយបានបំភាន់ភ្នែកសមត្ថកិច្ចថា ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ។
សូមរំលឹកថា នៅវេលាម៉ោងជិត១យប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី៥មេសា ក្នុងភូមិធ្លក ឃុំពពេល ស្រុកពញាក្រែក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយប្រពន្ធបានផ្លោងចេញពីម៉ូតូសន្លប់ ចំណែកកបុរសជាប្តីបានស្លាប់ ។
លោកវរសេនីយ៍ត្រី ឡុង សារិន បញ្ជាក់ថា ក្រោយពីមានបណ្តឹងមករូបលោកបានបើកការស្រាវជ្រាវជាបន្ទាន់ ដោយបានឃាត់ស្ត្រីជាប្រពន្ធព្រោះជាប់សង្ស័យទៅនឹងករណីឃាតកម្ម សម្លាប់ប្តីរបស់ខ្លួន ព្រោះថា តាមការពិនិត្យរបស់ជំនាញសមត្ថកិច្ចនោះធម្មតាសពនៅពេលដែល គ្រោះថ្នាក់ចរាចរណ៍គឺមិនអាចមានស្នាមរយះដាច់សាច់ជ្រៅៗ វែងៗ និងមានស្នាមចាក់ត្រង់កនោះទេ ចុះបើគ្រោះថ្នាក់ចរាចរណ៍មែនម្តេចប្រពន្ធដែលជិះម៉ូតូជាមួយនឹងប្តី បែរជាមិនរងគ្រោះដាច់រលាត់ស្បែកអ្វីបន្តិច ហើយនៅកន្លែងកើតហេតុ នៅពេលដែលចុះទៅពិនិត្យមើលជាថ្មីនោះក៏គ្មានវត្ថុរឹងស្រួចណា ដែលត្រូវមុតលើរាងកាយដែរ ។ ករណីនេះពិតជាផ្តើមចេញពីស្នេហាត្រីកោណហើយ ព្រោះថាសាក្សីបានឃើញនៅពេលកើតហេតុយប់ថ្ងៃទី៤មេសា បានឃើញម៉ូតូ២គ្រឿង ក្នុងនោះម៉ូតូ១គ្រឿងជិះគ្នា២នាក់ ក្រោយពីបានទម្លាក់សពហើយនោះ ម៉ូតូ១ គ្រឿងទៀតបានជិះចេញទៅបាត់នៅសល់តែម៉ូតូរបស់ជនរងគ្រោះ រួមនឹងប្រពន្ធទំនងជាបានធ្វើដេកសន្លប់ទល់ជិតភ្លឺឈានចូលព្រឹក ថ្ងៃទី៥មេសាក៏បានដឹកមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យស្រុក ពញាក្រែក ។
ស្ត្រីជាប្រពន្ធនៅពេលដែលសមត្ថកិច្ចឃាត់ខ្លួននោះ គឺមិនបានឆ្លើយសារភាពទេ តែសមត្ថកិច្ចមានភស្តុតាង និងសាក្សីដើម្បីដាក់បន្ទុកតាមផ្លូវច្បាប់ ៕