ពោធិ៍សាត់ ៖ កុមារាអាយុប្រាំឆ្នាំម្នាក់បានដើរ ទៅជិតម៉ាស៊ីនកិនស្រូវទាក់ដៃអាវចូលកង់យោងម៉ាស៊ីនកិនស្រូវ បោកបែកក្បាលស្លាប់ នៅពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។ហេតុការណ៍នេះ បានកើតឡើងត្រង់ចំណុចរោងម៉ាស៊ីនកិនស្រូវក្បែផ្ទះ ស្ថិតក្នុងភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦។
សមត្ថកិច្ចបានឲ្យដឹងថា កុមាររារងគ្រោះឈ្មោះ សុង ហួត អាយុ៥ឆ្នាំ ឪពុកឈ្មោះ អ៊ឹង វុទ្ធី អាយុ ៣៦ឆ្នាំ និងម្ដាយឈ្មោះ តាំង ដាវី អាយុ៣៤ឆ្នាំរស់នៅភូមិឃុំកើតហេតុ។ប្រភពបន្តថា តាមការឲ្យដឹងពីឪពុកម្ដាយប្រាប់ថា កូនគាត់បានដើរមកក្បែរកង់យោងម៉ាស៊ីនកិនស្រូវនៅគ្រា ដែលពួកគាត់ជាប់រវល់ហើយភ្លេចមួយភ្លែត។ ស្រាប់តែកង់យោងទាក់ដៃអាវរមួលចូលបោកផ្ទប់បែកក្បាល និងបាក់ដៃខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។ ប៉ុន្ដែជាអកុសលដោយរបួសធ្ងន់ធ្ងរពេកក៍ដាច់ខ្យល់ស្លាប់យ៉ាងអាណោច អាធម៍។
ប្រភពបន្តទៀតថា ក្រោយសមត្ថកិច្ចទទួលបានព័ត៌មាននេះ បានចុះទៅកន្លែងកើតហេតុហើយស្រាវជ្រាវប្រភពនានាជុំវិញកន្លែងកើតហេតុ ឃើញថា កុមារារងគ្រោះពិតជាស្លាប់ ដោយសារដៃអាវទាក់ចូលកង់យោងម៉ាស៊ីនកិនស្រូវពិតប្រាកដមែន ក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕