កំពង់ឆ្នាំង ៖ បុរសជាប្តីដោយសារតែខឹងនឹងប្រពន្ឋមិនព្រមមកផ្ទះ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ បានយកភ្លើងដុតផ្ទះខ្លួនឯង ដែលជាប់គ្នា និងផ្ទះម្តាយក្មេក បណ្តាលអោយឆេះខ្ទេច ទាំង២ខ្នង មិនអាចជួយបានឡើយ ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៥ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០១៦ នៅភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូរណ៍ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា ជនសង្ស័យដុតផ្ទះខ្លួនឯង និងផ្ទះម្តាយក្មេក មានឈ្មោះ អ៊ុក ភន អាយុ៣៤ឆ្នាំ ម្តាយក្មេកមានឈ្មោះ ប៉ិក តុំ អាយុ៧១ឆ្នាំ ជាស្ត្រីមេម៉ាយ ។ ជនដៃដល់បានដុតផ្ទះខ្លួនឯង ជាផ្ទះតូចមានទំហំ៣គុណនិង៤ម៉ែត្រ ធ្វើពីឈើប្រក់ និងបាំងជញ្ជាំងស្លឹក ដែលសង់ជាប់គ្នាជាមួយផ្ទះម្តាយក្មេក មានទំហំ៥គុណនិង៦ម៉ែត្រ ធ្វើពីឈើ ប្រក់និងបាំងជញ្ជាំងស្លឹក បណ្តាលអោយ ឆេះខ្ទេចទាំងស្រុងទាំងពីខ្នងតែម្តង ។
បើតាមសំដីរបស់ស្ត្រីជាម្តាយក្មេកបានអោយដឹងថា កូនស្រីគាត់ឈ្មោះ ថ្លាង សុគង់ អាយុ៣១ឆ្នាំ បានទៅធ្វើការនៅរោងចក្រ នៅខេត្តសៀមរាប ។ មុនពេលកើតហេតុប៉ុន្មានថ្ងៃនេះ គាត់ឃើញកូនប្រសារគាត់ បានឈ្លោះគ្នាជាមួយកូនស្រីគាត់ដែលត្រូវជាប្រពន្ធ តាមទូរសព្ទ័ស្ទើររាល់យប់ ហើយឮកូនប្រសារថា ចូលឆ្នាំនេះត្រូវមកផ្ទះ បើមិនមកទេ នឹងមានរឿងហើយ ។ លុះដល់ពេលចូលឆ្នាំ មិនឃើញកូនស្រីគាត់មកផ្ទះ កូនប្រសារគាត់បានដុតផ្ទះវា ឆេះរាលដល់ផ្ទះគាត់ឆេះខ្ទេច រូមទាំងទ្រព្យសម្បត្តិគាត់មួយចំនូនផង គ្មានយកអ្វីបានឡើយ ។
ស្ត្រីជាម្តាយបានបានបញ្ជាក់ថា ក្រៅពីខឹងនឹងប្រពន្ឋមិនមកផ្ទះ កូនប្រសារគាត់ក៏បានប្រចណ្ឌប្រពន្ឋវាផងដែរ តែអ្វីដែលធ្ងន់ជាងនេះទៀត គឺផ្ទះមួយខ្នង ដែលកូនប្រសារដុតនោះ គាត់បានលក់អោយគេ ក្នុងតម្លៃ៤លានរៀល និងបានយកប្រាក់ពីគេរួចហើយ រង់ចាំតែគេមករុះយកតែប៉ុណ្ណោះ ។
បើតាមសំដីអ្នកជិតខាងបានអោយដឹងថា ប្តីប្រពន្ឋពីរនាក់នេះ មិនសូវត្រូវគ្នាប៉ុន្មានទេ ឈ្លោះគ្នាញឹកញាប់ណាស់ ពេលដែលប្រពន្ឋមិនទាន់ចេញទៅធ្វើការនៅរោងចក្រ ហើយបើទោះជាខឹងគ្នាយ៉ាងណាក្នុងឱកាសបុណ្យចូលឆ្នាំនេះគួរតែមក មើលម្តាយ និងប្តីដែរ ។ ទោះយ៉ាងណាក្រោយកើតហេតុ សត្ថកិច្ចបានចាប់ឃាត់ខ្លួនបុរសជាប្តី ដើម្បីកសាងសំណុំរឿងតាមផ្លូវចាប់ ៕