បន្ទាយមានជ័យ ៖ ក្រុមក្មេងស្ទាវមួយក្រុមផឹកស៊ីស្រែកឡូឡា និងលេងគុបទឹកបង្កឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ពេលដែលសមត្ថកិច្ចចុះទៅធ្វើការអប់រំណែនាំ មិនស្តាប់ហើយ ថែមទាំងជេរ និងរកវាយសមត្ថកិច្ចនគរបាល និងវាយរថយន្តរបស់សមត្ថកិច្ចចំនួន២គ្រឿង បណ្តាលឲ្យកំពិត ទើបសមត្ថកិច្ចបង្ខំចិត្តបង្ក្រាប ។ ការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ នៅចំណុចភូមិ កំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា ក្រុមក្មេងទំនើងដែលត្រូវបានបង្ក្រាបនោះ មានចំនួន១២នាក់ មានស្រីម្នាក់ ។ ក្រុមទាំងនេះ នៅពេលដែល ពួកគេបានលេងគប់ទឹក និងផឹកស៊ីហ៊ោកញ្ជ្រៀវ ធ្វើឲ្យបានបង់សណ្តាប់ធ្នាប់ និងប៉ះពាល់ រំខានដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ទើបធ្វើអោយសមត្ថកិច្ចបានចុះទៅអប់រំ ណែនាំ កុំឲ្យពួកគេលេងគប់ទឹក និងផឹស៊ីហ៊ោកញ្ជ្រៀវ ក្នុងពេលនោះ ពួកគេថែមទាំងមិនស្តាប់ការណែនាំរបស់សមត្ថកិច្ចទេ ពួកគេថែមទាំងស្រែកមកលើសមត្ថកិច្ច និងខ្លះបានវាយរថយន្តរបស់សមត្ថកិច្ច ដែលកំពុងធ្វើប្រតិបត្តិការបណ្តាលឲ្យកំពិត ។ ដោយមើលឃើញពីទង្វើបែបនេះ កងកម្លាំងនគរបាលខេត្តបានចុះមកជួយធ្វើអន្តរាគមន៍ ចាប់ក្រុមក្មេងទំនើងចំនួន១២នាក់ យកទៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ មកសាកសួរ។
លោកអធិការនគរបាលក្រុងបានបញ្ជាក់ថា ឆ្លងតាមការសាកសួរ យើងស្រាវជ្រាវរកឃើញជនដៃដល់ ដែលវាយរថយន្តរបស់សមត្ថកិច្ចពេលបំពេញប្រតិបត្តិការ មានឈ្មោះចាន់ ឡាលីន ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងម្នាក់ទៀតឈ្មោះបូរ ច័ន្ទរះ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជាក្មេងញៀនគ្រឿងញៀន ។ ជនទាំង២នាក់នេះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ដោយឡែកចំនួន១០នាក់ទៀត សមត្ថកិច្ចគ្រាន់តែធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចហៅឪពុកម្តាយនិងអាណាព្យាបាលយកទៅអប់រំបន្ត ៕