ព្រៃវែង ៖ អ្នកស្រុកបានផ្អើលនាំគ្នារង់ចាំមើលក្រុមគ្រួសារ១ ដែលបាននិមន្តព្រះសង្ឃ១អង្គ មកធ្វើពិធីគាស់ផ្នូរកូនស្រី ដើម្បីសូត្រមន្តប្រោះព្រំលើសពកូនស្រីដែលស្លាប់២ថ្ងៃហើយនោះឱ្យ រស់ឡើងវិញ ។
ហេតុការណ៍ដែលគួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៧ មេសា ក្នុងផ្ទះស្ត្រីឈ្មោះជួន ហ៊ាន អាយុ៣៧ឆ្នាំ ដែលស្ថិតក្នុងភូមិចំការតាម៉ូយ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
អ្នកស្រុករាប់រយនាក់ ដែលផ្អើលទៅចោមរោមមើលយ៉ាងកកកុញនោះ បាននិយាយដូចគ្នាថា ពួកគាត់មករង់ចាំមើល ព្រោះឮតៗថា ស្ត្រីឈ្មោះ ជួន ហ៊ាន បានគាស់ផ្នូររបស់កូនស្រីយកសពមកវិញ ហើយបាននិមន្តព្រះសង្ឃ១អង្គព្រះនាម ភារម្យ នៅវត្តកែវម៉ូលី ក្នុងខេត្តកណ្តាល មកធ្វើពិធីប្រោះព្រំឱ្យសពរស់ឡើងវិញ ។ ដូច្នេះហើយ ទើបអ្នកស្រុកបាក់ភ្លូកទឹកភ្លូកដីនាំគ្នាមកចោមរោមមើលចង់ឃើញ ចង់ដឹងថា តើអ្នកដែលស្លាប់២-៣ថ្ងៃមកហើយនោះ អាចរស់ឡើងវិញដូចគេថាឬអត់ ?
ស្ត្រីឈ្មោះ ជួន ហ៊ាន បានប្រាប់ឱ្យដឹងថា កូនស្រីរបស់គាត់ឈ្មោះ បួន គង់ អាយុ១៨ឆ្នាំ បានស្លាប់កាលពីរសៀលថ្ងៃទី១៤ មេសា ដោយពុំមានជំងឺអ្វីទាំងអស់ នៅសុខៗក៏ទន់ទៅៗ ហើយស្លាប់បាត់បង់ជីវិតតែម្តង ។ លុះស្អែកឡើងថ្ងៃបន្ទាប់ ថ្ងៃទី១៥ មេសា គាត់និងក្រុមគ្រួសារ ក៏ធ្វើពិធីបញ្ចុះសពកូនស្រី គឺបញ្ចុះនៅជាប់នឹងផ្ទះតែម្តង ដោយផ្នូរធ្វើពីថ្មបេតុងគ្របយ៉ាងស្អាត និងសរសេរឈ្មោះយ៉ាងត្រឹមត្រូវផងដែរ ។ លុះមកដល់ថ្ងៃទី១៦ មេសា ស្រាប់តែមិត្តភក្តិប្តីរបស់គាត់ឈ្មោះគា នៅឃុំរការជួរ បានទូរសព្ទ័មកប្រាប់ថា កូនស្រីរបស់គាត់បានទៅពន្យល់សប្តិគាត់ប្រាប់ថា គេមិនទាន់ស្លាប់ទេ ឱ្យជួយគាស់ផ្នូរយកគេចេញមកវិញផង ។
ពេលឮបែបនេះ គួបផ្សំនឹងរូបគាត់មិនទាន់អស់អាល័យពីកូនស្រីផង ក៏ជឿតាម ហើយចៃដន្យពេលនោះ ក៏បានជួបព្រះសង្ឃព្រះនាម ភារម្យ អះអាងថា អាចជួយប្រោះព្រំឱ្យរស់ឡើងវិញទៀត ក៏សម្រេចចិត្តនាំគ្នាគាស់ផ្នូរកូនស្រីតែម្តង។ ប៉ុន្តែពត៌មាននេះ គាត់និងក្រុមគ្រួសារមិនបានប្រាប់ទៅអ្នកខាងក្រៅទេ មិនដឹងជាយ៉ាងម៉េច ស្រាប់តែមានអ្នកស្រុកផ្អើលភ្លូកទឹកភ្លូកដីមកមើលបែបនេះតែម្ដង ។
ស្ត្រីដដែលនេះបានបញ្ជាក់ថា មូលហេតុដែលគាត់ជឿថា កូនស្រីគាត់អាចរស់ឡើងវិញ គឺដោយសារតែកូនស្រីគាត់ មានលក្ខណៈ សម្បត្តិអស្ចារ្យខុសពីគេឯង គឺតាំងពីដឹងក្តីមក កូនគាត់មិនដែលហូបអាហារសាច់ទេ គឺហូបតែអាហារបួស ពេលអាយុបាន៨ឆ្នាំ ក៏ចេះមើលព្យាបាលជំងឺឱ្យអ្នកស្រុកបានធូរស្បើយគ្រប់ៗគ្នា រហូតអ្នកស្រុកឱ្យឈ្មោះថា ព្រះនាង ។ គាត់រៀបរាប់ទៀតថា ១រយៈ ពេលមុនស្លាប់ កូនគាត់មិនហូបអាហារទេ គឺហូបតែផ្កា៧យប់៧ថ្ងៃ ទើបហូបបាយម្តង គឺជាហេតុភេទដ៏អស្ចារ្យ មិនដែលបាន ឃើញ ទើបធ្វើឱ្យគាត់ជាម្តាយជឿជាក់ថា កូនស្រីអាចរស់ឡើងវិញបាន ។
ទោះជាយ៉ាងណាក៏ដោយ នៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៧ មេសា ពេលដែលធ្វើសកម្មភាពគាស់គំរបផ្នូរហើយនោះ គេបានឃើញសពយុវតី បួន គង់ នៅស្ដូកស្ដឹងក្នុងមឈូស ដែលមានសភាពហើម និងមានធុំក្លិនស្អុយទៅហើយ ៕