កណ្ដាល ៖ យុវជនចិត្តក្ដៅដូចភ្លើង២នាក់ត្រូវបាននគរបាលស្រុកពញាឮចាប់ខ្លួន បន្ទាប់ពីបានព្រួតគ្នាវាយយុវជនម្នាក់រងរបួសធ្ងន់ដោយសារតែខឹង មើលមុខពេលរាំធុងបាស់ក្នុងវត្តថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ នៅក្នុងវត្តព្រែកក្តាម ស្ថិតនៅភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
នគរបាលស្រុកញាឮបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន ១-ឈ្មោះ ម៉ៅ ស៊ីណាត់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ២-ឈ្មោះ ម៉ៅ ស៊ីណាន់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ទាំង២នាក់មានទីលំនៅភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ឆាង សុខហេង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
នគរបាលដដែលបានឱ្យដឹងបន្ថែមទៀតថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ឆាង សុខហេង បានមករាំធុងបាសកំសាន្តនៅក្នុងវត្តប្រជុំរង្សី ហៅវត្តព្រែកក្តាម ដោយរាំជាមួយមិត្តភក្ដិបស់ខ្លួន ក្នុងពេលនោះស្រាប់តែមានជនសង្ស័យបានរាំលោតកញ្ជ្រោលមកប៉ះជនរង គ្រោះ ព្រមទាំងនិយាយពាក្យសម្តីថា ក្នុងវង់រាំនេះមានអាណាខ្លាំងទេ ជនរងគ្រោះក៏បានមើលមុខសើច ខណៈពេលនោះជនសង្ស័យឈ្មោះម៉ៅ ស៊ីណាត់ និងឈ្មោះម៉ៅ ស៊ីណាន់ បានស្ទុះចូលមកព្រួតគ្នាវាយជនរងគ្រោះបណ្តាលឲ្យរងរបួសតែម្តង ។
លុះព្រឹកឡើងថ្ងៃទី១៧មេសា ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចិន បន្ទាប់មកកម្លាំងជំនាញបានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលកោះ ចិន ឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើបញ្ជូនមកអធិការដ្ឋានដើម្បីធ្វើការ សាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕