គំរាម​សម្លាប់​ប្រពន្ធ​មួយ​ពូជ ដេកលក់​ប្រពន្ធ​កាប់​ស្លាប់​មុន​

18-April-2016 | ដោយ មែន កំសត់



​ព្រៃវែង ៖ បុរស​ប្រមឹក​ម្នាក់​ត្រូវ​ប្រពន្ធ​លប​កាប់​១​ពូថៅ​ចំ​គល់​.​ក​បណ្តាលអោយ ប្រកាច់​ស្លាប់​ភ្លាមៗ ដោយសារតែ​ស្រវឹងស្រា​គំរាម​កាប់សម្លាប់​ប្រពន្ធ​កូន​មួយ​ពូជ ។ ហេតុការណ៍​ដ៏​គួរអោយ​អ​ណោ​ច​អ​ធ័​ម​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ យប់ ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៦ នៅក្រោម​ផ្ទះ​របស់​ជនរ​ង​គ្រោះ​ដែល​ស្ថិតក្នុង​ភូមិក​ញ្ចំ ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង ។​

​ជនរងគ្រោះ​ដែល​ត្រូវ​ប្រពន្ធ​កាប់​ស្លាប់​ឈ្មោះ ហឿន ហ៊​ន អាយុ​៤៧​ឆ្នាំ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ យួន សុភា អាយុ​៤២​ឆ្នាំ អ្នក​ទាំង​២​បាន​រៀបការ និង​រួមរស់​ជាមួយគ្នា​រយៈពេល​២០​ឆ្នាំ​មកហើយ និង​មានកូន​២​នាក់ កូនស្រី​បង​អាយុ​១៨​ឆ្នាំ និង​ប្រុស​ពៅ​អាយុ​១៥​ឆ្នាំ ។​
​ទាក់ទង​ទៅនឹង​មូលហេតុ​នៃ​អំពើ​ឃាត​កម្មនេះ​ត្រូវបាន​ស្ត្រី​ជា​ប្រពន្ធ ឈ្មោះ យួន សុភា អះអាងថា ដោយសារតែ​ជនរងគ្រោះ​ជា​ប្តី​ផឹកស្រា​ស្រវឹង​ហើយ​បាន​គំរាមថា​នឹង កាប់សម្លាប់​ចោល​ទាំង​ប្រពន្ធ​និង​កូនៗ រួច​នឹង​សម្លាប់​ខ្លួនឯង​តាម​ក្រោយ ទើប​ធ្វើអោយ​ប្រពន្ធ​ទ្រាំ​មិនបាន​ក៏​ដាច់ចិត្ត​លប​កាប់សម្លាប់​ប្តី​មុន តែម្តងទៅ ។​

​ស្ត្រី​ជា​ប្រពន្ធ​បញ្ជាក់ថា រយៈពេល​២០​ឆ្នាំ​ដែល​រួមរស់​ជាមួយគ្នានេះ​បុរស​ជា​ប្តី​មិនដែល​ជួយ ធ្វើការ​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​នោះទេ គឺ​គិតតែ​ពី​ដើរ​ផឹកស៊ី​ស្ទើរ​រាល់ថ្ងៃ ហើយ​ពេល​ស្រវឹង​ម្តងៗ​តែងតែ​ជេរ​បញ្ចោ និង​វាយ​ធ្វើបាប​ប្រពន្ធ​កូន​រហូត ហើយ​មួយ​រយៈពេល​ចុងក្រោយ​នេះ​អោយតែ​ស្រវឹង​គឺ​យក​ពូថៅ​មក​អង្គុយ​សំលៀង រហូត និង​បោះ​ពាក្យសំដី​ថា អញ​នឹង​សម្លាប់ចោល​១​ពូជ ធ្វើអោយ​រូបគាត់​ជា​ប្រពន្ធ​និង​កូនៗ​មានការ​ភ័យខ្លាច​ជាខ្លាំង ។ មកដល់​យប់​ថ្ងៃទី​១៦​មេសា​ដែលជា​ថ្ងៃ​ចូលឆ្នាំ ពេល​ត្រឡប់​មកពី​ផឹក​វិញ​ប្តី​របស់គាត់​បាន​ស្រែកជេរ​បញ្ចោ និង​យក​ពូថៅ​មក​គំរាម​រក​កាប់សម្លាប់​គាត់​និង​កូនៗ​ទៀត ទើប​ធ្វើអោយ​គាត់​ទ្រាំ​មិនបាន ពេល​ប្តី​ដេកលក់​នៅក្រោម​ផ្ទះ​ក៏​យក​ពូថៅ​របស់​ប្តី​លប​កាប់សម្លាប់​ប្តី មុន​តែម្តងទៅ ។​

​សមត្ថកិច្ច​បានអោយដឹង​ថា ក្រោយពី​កាប់សម្លាប់​ប្តី​រួចហើយ ស្ត្រី​ជា​ប្រពន្ធ​មិនបាន​រត់​ទៅណា​នោះទេ គឺ​បាន​នៅ​អង្គុយ​យំ​ក្បែរ​សព​ប្តី​រហូត​ទាល់តែ​សមត្ថកិច្ច​ទៅដល់​ធ្វើការ ឃាត់ខ្លួន​តែម្តង ចំណែក​កូនៗ​ពេល​ដឹងថា​ម្តាយ​កាប់​ឪពុក​ស្លាប់​ក៏​នាំគ្នា​អង្គុយ​យំ​ដែរ ប៉ុន្តែ​មិនបាន​ស្តីបន្ទោស​អ្វី​ដល់​ម្តាយ​នោះទេ ។​

​ក្រោយពី​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​រួច សមត្ថកិច្ច​ក៏បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅតាម​ច្បាប់ ៕

ចំនួនអ្នកទស្សនា

    20540627

  • ថ្ងៃនេះ17451
  • ម្សិលមិញ15681
  • សប្តាហ៍នេះ76291
  • ខែនេះ98171
  • ឆ្នាំនេះ98171
  • សរុប20540627