ព្រៃវែង៖ ករណីរបស់អតីតតួសម្តែងស្រីហួតសារ៉ាវឌីបានស្លាប់នៅកណ្តាលវាលស្រែកាលពីយប់ថ្ងៃទី១៥ខែមេសាឆ្នាំ២០១៦គឺថ្ងៃចូលឆ្នាំប្រពីណីជាតិខ្មែរនៅស្រុកក.អណ្តើរខេត្តព្រៃវែងដែលបង្កប់ជាអាថ៍កំបាំងក្នុងករណីពីរដែលធ្វើឲ្យសមត្ថកិច្ចបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត។ មកដល់ពេលនេះសមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុហើយគឺតារាសម្តែងហួតសារ៉ាវឌីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមិនមែនជាអំពើឃាតកម្មឬរំលោភសម្លាប់នោះទេ។
លោកសួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែកខេត្តព្រៃវែងបានបញ្ជាក់ឲ្យដឹងថាតារាសម្តែង ហួត សារ៉ាវឌី បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មិនមែនស្លាប់ដោយសារករណីផ្សេងទេ។ លោករំលឹកថាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងវេលាម៉ោងប្រហែល១រំលងអាធ្រាតថ្ងៃទី១៥ខែមេសាឆ្នាំ២០១៦តាមបណ្តោយផ្លូវជាតិលេខ១ចំណុចបង្គោលគីឡូម៉ែត្រលេខ៩២ភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែកខេត្តព្រៃវែង។ អ្នកបើកបរម៉ូតូគឺបុរសជាប្តីឈ្មោះពិន ប៊ុនថនអាយុ៣២ឆ្នាំនិង ប្រពន្ធឈ្មោះហួត សារ៉ាវឌី អាយុ៤៤ឆ្នាំជិះម៉ូតូទាំងស្រវឹងទៅបុកបង្គោលភ្លើង ។
លោកបន្ថែមថាផ្អែកតាមការធ្វើកោសល្យវិច្ច័យកន្លែងកើតហេតុបានបង្ហាញថាទី១.បង្គោលគីឡូម៉ែត្រលេខ៩២មានដានកង់ម៉ូតូបុកបែកថ្មបង្គោលនិងស្នាមឈាមជាប់ថ្មបង្គោល។ ទី២.ស្លាកស្នាមរបួសខាងប្រុសគ្រូពេទ្យលាងរបួសសុទ្ធតែកំទេចថ្មគ្រួសតូចៗ ក្នុងស្នាមរបួស និងធុមក្លិនស្រា (បើកបរក្នុងស្ថានភាពស្រវឹង)។ឯ ខាងស្រី បែកចិញ្ចើមខាងស្តាំប្រវែងប្រាំសង់ទីម៉ែត្រជម្រៅផុងលលាដ៍ក្បាល។ ទី៣. ម៉ូតូស្រុញរួញ ខូចខាតផ្នែកខាងមុខទាំងស្រុង ទី៤. កន្លែងកើតហេតុកម្ទិចកម្ទីម៉ូតូ ខ្ទេចស្មៅដុំៗ បង្ហាញថា មុនស្លាប់មនុស្សប្រកាច់។
ប្រភពបានបន្តថាទី៥. លិខិតបញ្ជាក់ពី លោកគ្រូពេទ្យពីនាក់ គឺ លោកវេជ្ជបណ្ឌិត ឈួន ឈុន និង លោកគ្រូពេទ្យ អ៊ឹម សាវុធ អ្នករបួស (ពិន ប៊ុនថន) ពេលយកមកដល់ពេទ្យ លាងរបួស ធំក្លិនស្រា និងមានគ្រាប់ខ្សាច់ជាប់ស្នាមរបួសមែន។ទី៦. ទ្រព្យសម្បត្តិនៅទាំងអស់ មិនបាត់បង់នោះទេ ហើយពេលសមត្ថកិច្ចជំនាញ ទៅពិនិត្យសាកសព ដល់គេហដ្ឋាន មានវត្តមាន លោកឧត្តមសេនីយ៍ទោ ញ៉ែម សារិទ្ធ ត្រូវជាមា បង្កើត ជនរងគ្រោះ បានបញ្ជាក់ថា យប់កើតហេតុគាត់ទៅដល់ទីនោះ ហើយ ឃើញទិដ្ឋភាព ដូច សមត្ថកិច្ចធ្វើកោសល្យវិច្ច័យ មិនមានឃើញអ្វីផ្ទុយពីនេះទេ។សមត្ថកិច្ចបន្ថែមថា ការស្លាប់ របស់តារាសម្តែង ហួតសា រ៉ាវឌី ជាការស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍៕