ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់បានបាត់ខ្លួន បន្ទាប់ពីរៀបការបាន៤ថ្ងៃ ដែលគេសង្ស័យថារត់ទៅតាមសង្សាចាស់ ធ្វើឱ្យបុរសជាប្តី និងក្រុមគ្រួសារផ្អើលឆោឡោ ហើយនាំគ្នាដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលទួលសង្កែ កាលពីរសៀលថ្ងៃទី១៧ មេសា និងព្រឹកថ្ងៃទី១៨ មេសា ដើម្បីឱ្យជួយរកជុំវិញការបាត់ខ្លួននេះ ។នារីវ័យក្មេងដែលបាត់ខ្លួននោះឈ្មោះ ស្រស់ ប្រង់ អាយុ១៧ឆ្នាំ ប្តីឈ្មោះ ស៊ីណាត អាយុ១៧ឆ្នាំ ។ ទាំង២នាក់ មានស្រុកកំណើតនៅភូមិត្រពាំងព្រីង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
តាមស្ត្រីម្នាក់ឈ្មោះ ស្រស់ ចន្ថា អាយុ៣០ឆ្នាំ ជាអ្នកទិញលក់អេតចាយ ស្នាក់នៅផ្ទះជួលភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានឱ្យដឹងទាំងទឹកភ្នែកថា ប្អូនស្រីបានបាត់ខ្លួនកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១៧ មេសា ខណៈពេលធ្វើដំណើរទៅទិញម្ហូបនៅផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ មិនដឹងទៅទីណាទេ គ្មានដំណឹងសោះ ពេលទូរស័ព្ទចូលហើយ ប៉ុន្តែនាងមិនលើកទៀត ។
ស្ដ្រីជាបងបានឱ្យដឹងថា ប្អូនស្រីរបស់ខ្លួន ទើបតែរៀបការបាន៤ថ្ងៃ បានមកលេងខ្លួនជាបងនៅភ្នំពេញក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។ ពេលគាត់បានប្រើឱ្យទៅទិញម្ហូប ក៏បាត់ខ្លួនតែម្តង ។ បន្ទាប់ពីបាត់ខ្លួនប្អូនស្រីហើយ ទូរស័ព្ទចូលមិនលើក ទើបបងដឹងថា ប្អូនស្រីមានចេតនាគេចខ្លួនពីប្ដី ទើបនាងកាន់រូបថតមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយរក កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៧ មេសា ។ លុះ
នៅព្រឹកថ្ងៃទី១៨ មេសា ប្តីក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចឱ្យដឹងពីការបាត់ប្រពន្ធ នេះផងដែរ។
ទាក់ទិននឹងការបាត់ខ្លួន ត្រូវបានក្រុមគ្រួសារដាក់ការសង្ស័យថា នាងបានរត់តាមប្រុសស្នេហ៍ ដែលជាសង្សារ ដោយមិនអាល័យប្តីទើបតែរៀបការថ្មីៗពេញច្បាប់ ដែលប្តីសង្ឃឹមថា ការក្រេបទឹកឃ្មុំរបស់ខ្លួន នឹងគ្មានពេលប្ដូររសជាតិឡើយ ។ ប៉ុន្តែផ្ទុយទៅវិញ នាងបានចេញទៅដោយមិនស្រណោះ ។ ទោះបីជាយ៉ាងណា គេពុំបានដឹងឱ្យប្រាកដថា ប្រពន្ធវ័យក្មេងរូបនេះ រត់ទៅតាមប្រុសស្នេហ៍ដូចការចោទប្រកាន់មែន ឬយ៉ាងណានោះទេ ។
កន្លងមក តាមការកតសម្គាល់ហូរហែ មានកម្លោះក្រមុំជាច្រើនមានស្នេហាស៊ីជម្រៅ «ទុំមុនស្រគាល» ហើយត្រូវបានឪពុកម្តាយចាប់បង្ខំឱ្យរៀបការ ដែលសាម៉ីខ្លួនមិនបានស្រឡាញ់ពេញចិត្ត ។ នៅពេលរៀបការ ខ្លះបានរត់ចោលរោងការ និងខ្លះទៀត ការរួចហើយ ក៏បានគេចពីរាត្រីផ្សំដំណេកជាមួយប្ដីទៅផ្សំដំណេកជាមួយសង្សារ ធ្វើឱ្យឪពុកម្តាយរងនូវភាពអាម៉ាស និងប៉ះពាល់ដល់កិត្តិយសជាខ្លាំង ។
ទង្វើបែបនេះ គួរណាស់កម្លោះក្រមុំទាំងឡាយគ្រប់រូបពិចារណា មិនត្រូវធ្វើអ្វីមួយឱ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ និងសង្គមជាតិនោះឡើយ ។ ចំណែកឪពុកម្តាយវិញ ក៏មិនគួរចាប់បង្ខំកូនឱ្យរៀបការទាំងមិនស្រឡាញ់នោះទេ ។ បច្ចុប្បន្នតម្រានំមិនធំជាងនាឡិ មិនមានឥទ្ធិពលសម្រាប់មនុស្សសម័យថ្មីនេះឡើយ ៕