កំពង់ឆ្នាំង ៖ នារីម្នាក់ ពាក់អាវដៃវែង ឆ្នូតក្រហមស ស្លៀកខោជើងវែង មានទឹកភ្នែក រលីងរលោង អង្គុយស្ពាយកាបូប ដាក់ខោអាវធំមួយ នៅសួនកុមារ ស្ថិតនៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បាននិយាយថា នាងបានចាញ់បោក បុរសម្នាក់ដែលស្គាល់គ្នា ជិតមួយឆ្នាំ បានណាត់មកលេងចូលឆ្នាំ នៅខេត្តកំពង់ឆ្នាំង ហើយក៏សម្រាក នៅផ្ទះសំណាក់ តែនៅថ្ងៃចុងក្រោយ បុរសនោះគេចខ្លួនបាត់ និងបិទទូរស័ព្ទ ធ្វើឲ្យនាងឈឺចាប់ រកតែលុយមួយរៀល សម្រាប់ទៅផ្ទះវិញ មិនបានផង។
នារីវ័យជំទង់រូបនេះ មិនបានប្រាប់ឈ្មោះ និងទីកន្លែង ដែលខ្លួនរស់នៅនោះទេ គ្រាន់តែប្រាប់ត្រួសៗថា នាងមកកំពង់ឆ្នាំង មានរយៈពេល ៣យប់ ៤ថ្ងៃហើយ ចន្លោះថ្ងៃទី១៥ ខែមេសា មកម្ល៉េះ ហើយអ្វីដែលធ្វើអោយនាង មកខេត្តកំពង់ឆ្នាំង ដោយសារនាង បានស្គាល់បុរសម្នាក់ ដែលប្រាប់នាងថា រូបគេរស់នៅក្រោយវត្តក្តីត្នោត ហើយនាង បានស្គាល់បុរសម្នាក់នេះ រយៈពេលជិត ១ឆ្នាំទៅហើយ នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ បុរសម្នាក់នេះ និងនាងបានសន្យាថា នឹងមកលេង បុណ្យចូលឆ្នាំ នៅ ខេត្តកំពង់ឆ្នាំង ។
នាងបានប្រាប់ទៀតថា រហូតដល់ថ្ងៃបុណ្យចូលឆ្នាំ នាងបានមកជួប តាមការណាត់ ដូចអ្វីដែលបានសន្យាពីមុនមក ហើយក្នុងពេល ដែលជួបគ្នានោះ នាងនិងសង្សារ នោះបាននាំគ្នាដើរលេងស៊ីចាយ និងសម្រាកនៅផ្ទះសំណាក់ អស់រយៈពេល ៣យប់ រហូតដល់តែនាង អស់លុយពីខ្លួនរលីង ដល់ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ បុរសនោះ បានឌុបនាងមកដាក់ នៅសួនកុមារ រួចអោយនាងចាំនៅទីនោះ ក៏បាត់ឈឹងតែម្តង មិនឃើញត្រឡប់មកវិញ ចំណែកឯទូរស័ព្ទក៏ គឺតេមិនចូលទៀត ទើបនាងដឹងខ្លួនថា នាងចាញ់បោកបុរសនោះ អស់ទាំងលុយកាក់ និងគ្មានលុយ សម្រាប់ទៅផ្ទះ វិញនោះទេ៕