កណ្តាល៖ បុរសជាកសិករម្នាក់ រស់នៅស្រុកពញាឮ ត្រូវបានប្រពន្ធកាប់ចំនួន ៣កាំបិតចំខ្នង ខណៈកំពុងចាប់រំលោភ កូនស្រីបង្កើតរបស់ខ្លួន ដែលទើបតែមានអាយុ៨ឆ្នាំ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅក្នុងផ្ទះ។ មន្ត្រីនគរបាល បានបន្តទៀតថា នៅថ្ងៃខែកើតហេតុ ខាងស្ត្រីជាប្រពន្ធបានចុះទៅ រើសពងទាជាមួយកូនប្រុសម្នាក់ ស្រាប់តែបន្តិចក្រោយមក ស្ត្រីជាម្តាយបានរើស ពងទាររួចឡើងមកលើផ្ទះវិញ ស្រាប់តែឃើញប្តី កំពុងតែធ្វើសកម្មភាព រំលោភកូនស្រីបង្កើត ភ្លាមៗស្ត្រីជាប្រពន្ធ បានស្រែកថា ហ្នែងធ្វើអីកូនរួច ស្ទុះទៅទាញកាំបិត កាប់ប្តីចំនួន ៣កាំបិតចំខាងខ្នង ក្រោយមកក៏បានមកប្តឹង ប្រធានភូមិ សុំលែងលះប្តី។
មន្ត្រីនគរបាល បានបញ្ជាក់ទៀតថា លុះដល់ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ស្ត្រីឈ្មោះ ពៅ សុខន អាយុ៤០ឆ្នាំ ដែលជាត្រូវជាអុំបង្កើត ក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្ដឹងឲ្យ នគរបាលជួយរកយុត្តិធម៌ និងចាត់ការទៅតាមផ្លូវច្បាប់ ភ្លាមៗនោះនគរបាល បានចុះទៅដល់ឃាត់ខ្លួន ជនសង្ស័យនាំយកមកសាកសួរ ក្រោយពីកម្លាំងនគរបាលឃាត់ខ្លួន ធ្វើការសាកសួរជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភកូនស្រី ខ្លួនឯងពិតប្រាកដមែន បច្ចុប្បន្ននគរបាលបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕