បាត់ដំបង ៖ យុវជនម្នាក់ត្រូវគួបដិបក្ខលបចាក់សម្លាប់កាលពីវេលាម៉ោងប្រមាណ១០ និង២០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅក្នុងពិធីរាំធុងបាស់នៅក្នុងវត្តបឹងទឹម ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលពិធីរាំធុងបាសនេះគឺជាចំហាយសេសសល់ពីឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេចាក់សម្លាប់ឈ្មោះ ឡង វ៉ាន់ស៊ុយ អាយុ១៨ឆ្នាំ នៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ដោយមានស្នាមចាក់ត្រូវពីខាងក្រោយខ្នង ហើយបានស្លាប់នៅតាមផ្លូវពេលសាច់ញាតិព្យាយាមបញ្ជូនទៅកាន់ មន្ទីរពេទ្យ ។
មន្ត្រីនគរបាលដដែលបន្តទៀតថា កាលពីយប់កើតហេតុក្មេងស្ទាវ២ក្រុមបានទាស់ពាក្យសំដីគ្នាក្នុងពេល រាំធុងបាស់នៅក្នុងវត្តបឹងទឹម បន្តិចក្រោយមកស្រាប់តែពួកគេបានទាញដំបង និងកាំបិតដេញកាប់ចាក់គ្នាផ្អើលពេញវត្តតែម្តង ។
សាក្សីនៅកន្លែងកើតហេតុបាននិយាយថា ភាគីជនរងគ្រោះដែលត្រូវគេចាក់សម្លាប់នោះមានគ្នា៤នាក់ រីឯភាគីម្ខាងទៀតមានគ្នាច្រើន ។ ពួកគេទាំង២ក្រុមហាក់មានគំនុំនឹងគ្នាយូរហើយ លុះពេលរាំក្បែរគ្នាក៏ប៉ះសំដីគ្នា ទើបឈានដល់ការប្រើហិង្សាយ៉ាងឃោរឃៅ និងដេញកាប់ចាក់គ្នាដូចក្នុងរឿងហុងកុងផ្អើលមនុស្សម្នាពេញក្នុង វត្តតែម្ដង ។ ប្រភពដដែលបញ្ជាក់ថា ជនរងគ្រោះត្រូវគូបដិបក្ខរបស់ខ្លួនឆ្មក់ចាក់ពីក្រោយពេលកំពុង ស្ថិតក្នុងស្ថានភាពច្របូកច្របល់ ។ ក្រោយពីចាក់ត្រូវសត្រូវឲ្យរបួសហើយ ភាគីដែលចាក់បាននាំគ្នារំដោះខ្លួនចេញអស់ភ្លាមៗដែរ តែត្រូវគេស្គាល់អត្តសញ្ញាណស្ទើរតែទាំងអស់ហើយ រង់ចាំមើលតែចំណាត់ការពីសមត្ថកិច្ចតែប៉ុណ្ណោះ ។
ជុំវិញការចាក់សម្លាប់គ្នាដ៏ឃោរឃៅរវាងក្មេងស្ទាវទំនើង២ក្រុម ខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មួយចំនួនត្រូវគេស្គាល់មុខហើយ តែមួយចំនួនហាក់ស្រពិចស្រពិលនៅឡើយ ព្រោះស្ថានភាពច្របូកច្របល់ខ្លាំងពេកពេលអំពើហិង្សាបានផ្ទុះឡើង ។ កម្មវិធីរាំធុងបាស់នៅក្នុងវត្តបឹងទឹមនោះគឺជាចំហាយដែលសេសសល់ពី ពិធីបុណ្យចូលឆ្នាំខ្មែរដែលទើបបញ្ចប់ទៅនាប៉ុន្មានថ្ងៃកន្លងទៅនេះ ប៉ុន្តែរាំយប់ចុងក្រោយស្រាប់តែផ្ទុះជម្លោះរហូតមានស្លាប់មនុស្ស តែម្ដង ។សមត្ថកិច្ចបានអះអាងថា មន្ត្រីជំនាញកំពុងសួរនាំសាក្សីនានា និងភាគីរងគ្រោះ ដើម្បីស្វែងរកឃាត់ខ្លួនមុខសញ្ញាក្រុមជនដៃដល់ហើយ ៕