កំពង់ឆ្នាំង ៖ ផ្ទះភាគច្រើនធ្វើពីឈើប្រក់ស័ង្កសី ប្រមាណជាង១០ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង នៅវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ ពីផ្សារលើទៅផ្សារក្រោម ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ សមត្ថកិច្ចបានមិនទាន់បញ្ជាក់ពីតួលេខ នៃចំនួនខ្នងផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះទេ ហើយក៏មិនទាន់បញ្ជាក់ពីមូលហេតុនោះដែរ គ្រាន់តែប្រាប់ថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះ មានប្រមា ណជាង១០ខ្នងផ្ទះ ដែលភាគច្រើន ជាផ្ទះឈើប្រក់ស័ង្កសី ខ្លះជញ្ជាំងឈើនិងខ្លះទៀត ជញ្ចាំងស័ង្កសីនិងស្លឹក ជាដើម ។
ចំពោះមូលហេតុ សមត្ថកិច្ចបានសង្ស័យថា អាចមកពីរោងឆ្អើរត្រី ព្រោះនៅម្តុំផ្ទះឆេះនោះ សំបូរដោយអ្នកប្រកបរបរឆ្អើរត្រី ។ បើតាមលោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្ត ដែលបានដឹកនាំផ្ទាល់ ក្នុងការជួយពន្លត់អគ្គីភ័យនេះ បានបញ្ជាក់ថា រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តមានចំនួន៣គ្រឿង រថយន្តរបស់មន្ទីរសាធារណៈការ ខេត្តចំនួន២គ្រឿង បានរួមគ្នាជញ្ជូនទឹកជាច្រើន មកបាញ់ពន្លត់អគ្គីភ័យ សរុបមានចំនួន៨០រថយន្តទើបអាចគ្រប់គ្រងសភាពការណ៍បាន ។ ចំពោះមូលហេតុវិញ លោកមិនទាន់ហ៊ានសន្និដ្ឋាននៅឡើយទេ ពេលនេះសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវ ហើយចំពោះទំហំនៃការខូចខាត គឺតួលេខបឋម មានចំនួន១៤ខ្នងផ្ទះ តែបរិមាណនៃការខាតបង់នៅមិនទានដឹងនោះឡើយទេ រង់ចាំថ្ងៃស្អែក ទី២១ មេសា និងមានព័ត៌មានជាក់លាក់ ពីទំហំនៃការខូចខាតនេះ ។
ជុំវិញករណីឆេះផ្ទះ មានទ្រង់ទ្រាយធំនេះ ត្រូវបានប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ ក៏មានការសង្ស័យ អាចបណ្តាលមកឆេះរានឆ្អើរត្រី ដែរ ព្រោះនៅម្តុំ ផ្ទះឆេះនោះសំបូរដោយប្រជាពលរដ្ឋប្រកបរបរ ឆ្អើរត្រី និងស្តុបត្រីឆ្អើរផងដែរ ។ ទោះយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុនេះឲ្យច្បាស់នៅឡើយទេ ហើយការឆេះផ្ទះខាងលើ បើកុំតែបានផ្ទះថ្ម ពីខ្នងដែលនៅខណ្ឌដាច់ បាំងទាំងសងខាង ម្លេះមហន្តរាយនឹងមានទំហំច្រើនជាងនេះ ៕