ភ្នំពេញ ៖ មន្ត្រីតុលាការ ថ្លែងថា លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ២១ ខែមេសា ឆ្នាំ២០១៦ សម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារ បណ្ដោះអាសន្ន ករណីបង្កគ្រោះថ្នាក់ចរាចរបណ្ដាលឲ្យឪពុកស្លាប់និងកូនប្រុសអាយុ៩ ខែរបួសធ្ងន់ នៅចំណុចទល់មុខ វត្ត ជ្រោយ អំពិល ស្ថិត ក្នុងភូមិ ជ្រោយ អំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅ ។
មន្ត្រីតុលាការ ដដែល បន្តថា ជនបង្ករូបនេះឈ្មោះ សៅ សុងនាង អាយុ៥០ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទបើកបរធ្វេសប្រហែសបណ្ដាលឲ្យស្លាប់ អ្នកដទៃ តាមមាត្រា៨៥ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ។ បទល្មើសនេះកំណត់ការផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១៥លានរៀល ។ គួររំលឹកថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនៅខណ្ឌច្បារអំពៅមានឈ្មោះ ចៅ ផល្លា អាយុ ៣០ ឆ្នាំ ជា រកស៊ី លក់ រថយន្ត រស់នៅភូមិ ជ្រោយ អំពិល ១ សង្កាត់ ក្បាលកោះ និង កូនប្រុស តូច ឈ្មោះ ម៉េ ង លី ហ៊ា អាយុ ៩ ខែ រងរបួសធ្ងន់ធ្ងរ ។
ប្រភព ព័ត៌មាន ពី សាក្សី ដែលឃើញហេតុការណ៍បានរៀបរាប់ថានៅមុនពេលកើតហេតុគេឃើញ បុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាសវីពណ៌ខ្មៅពាក់សា្លកលេខ ភ្នំពេញ 1BS–3364 ជិះឌុប កូនប្រុសអាយុទើប៩ខែធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិស ដៅពីលិចទៅកើត។លុះមក ដល់ចំណុចកើតហេតុក្បែរនឹងវត្តជ្រោយ អំពិល ស្រាប់ តែ មាន រថយន្ត មួយ គ្រឿង ម៉ាក Mini Cooper ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2W-2109 ធ្វើ ដំណើរ ដោយ តាម បណ្តោយ ផ្លូវជាតិ លេខ ១ ដូចគ្នាក្នុងទិសដៅបញ្ច្រាស គឺពី កើតមក លិចវិញដោយក្នុងល្បឿនលឿនក៏រេចង្កូតជ្រុលបុកផ្ទប់នឹង ម៉ូតូជនរងគ្រោះទាំង២ នាក់ពេញទំហឹង បណ្តាលឱ្យខ្ទាតទាំង មនុស្សនិងម៉ូតូខ្ទាតជាង១០ ម៉ែត្រប៉ើងរងរបួសធ្ងន់ធ្ងរទាំង២នាក់ដោយក្នុងនោះបុរសជាឪពុកត្រូវ បាក់ដៃបាក់ជើងទាំងសងខាងនិងបែកក្បាលហូរឈាម ស្រោចពេញមុខនិងបានស្លាប់ពេលបញ្ចូនទៅមន្ទីរពេទ្យ ។ ដោយឡែកទារកទើបអាយុ៩ ខែ ដែល ជាកូនត្រូវបែកក្បាលហូរឈាម ស្រោចពេញមុខ និង ដងខ្លួនទ្រហោយំ ខ្លាំងៗរកអ្នកជួយមើលទៅគួរអោយសង្វេគបំផុត ។
ភ្លាមៗ នោះប្រជាពលរដ្ឋបាននាំគ្នាទាក់ទងទៅកាន់រថយន្ត សង្គ្រោះអោយមក ដឹក ជនរងគ្រោះទាំង ២ នាក់ ឪពុកកូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរតែអកុសលឪពុកបានស្លាប់ ៕