ភ្នំពេញ ៖ នារីគរថ្លង់ម្នាក់ ត្រូវអ្នកដែលទើបស្គាល់គ្នានាំយកទៅប៉ងរំលោភសេពសន្ថវៈនៅក្នុង រថយន្ត តែមិនបានសម្រេច ក៏ត្រូវជនសង្ស័យទម្លាក់នាងពីលើរថយន្តទាំងខ្លួនប្រាណអាក្រាត ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី២១ មេសា ២០១៦ នៅកន្លែងស្ងាត់ក្បាលជ្រោយ ក្បែរសណ្ឋាគារសុខា ក្នុងភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
នារីរងគ្រោះមានអាយុ២៣ឆ្នាំ ជាមនុស្សគ និងថ្លង់ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ភ្នំពញថ្មី ខណ្ឌសែនសុខ មានសង្សារជាជនបរទេស និងមានលំនៅក្នុងខណ្ឌច្បារអំពៅ ។
តាមព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីគរនោះ ត្រូវបានគេទម្លាក់ចេញពីក្នុងរថយន្តមួយគ្រឿង មិនចាំម៉ាកទាំងខ្លួនប្រាណអាក្រាត ។ ភ្លាមៗ ត្រូវបានអ្នកភូមិ នាំគ្នារកខោអាវឱ្យស្លៀក និងទាក់ទងគ្រួសារនាំទៅប្តឹងនគរបាលប៉ុស្តិ៍ ។
តាមរយៈអ្នកប្រែភាសាគរបានឱ្យដឹងថា នៅមុនពេលកើតហេតុ នាងធ្វើដំណើរទៅលេងមិត្តភក្តិស្រីៗ នៅម្តុំផ្សារសូរិយាម៉ល ហើយបានបាយជុំគ្នា ។ លុះយប់ជ្រៅ ក៏បានបែកផ្លូវគ្នាអស់ ហើយនាងត្រូវបានបុរសម្នាក់ ដែលទើបតែស្គាល់គ្នាតាមរយៈមិត្តភក្តិធានាជូនទៅផ្ទះតាមរថយន្ត ។
តាមនារីគរបន្តថា នៅយប់នោះ នាងត្រូវបុរសម្នាក់នោះនាំដើរលេងនៅម្តុំវត្តភ្នំ និងបន្តទៅជ្រោយចង្វារ (កន្លែងកើតហេតុ) ដែលជាកន្លែងស្ងាត់ ក៏បានឈប់រថយន្តលួងលោមសុំស្នេហ៍ និងបានចាប់សម្រាតសំលៀកបំពាក់ ក្នុងគោលបំណងរំលោភ តែនាងមិនព្រម ក៏ត្រូវបានគេច្របាច់.កវាយធ្វើបាប ហើយបើកទ្វារធាក់នាងទម្លាក់ចុះពីលើរថយន្តទាំងខ្លួនប្រាណអាក្រាត រួចបើករថយន្តទៅបាត់ ។
តាមប្រភពបន្តទៀតថា ភា្លមៗក៏ធ្វើឱ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ នាំមកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីដាក់ពាក្យបណ្តឹង ។ តាមព័ត៌មានថា ជនដៃដល់ដែលប៉ងរំលោភនាងនោះ ត្រូវគេស្គាល់អត្តសញ្ញាណហើយ ៕