ភ្នំពេញ ៖ ក្មេងប្រុសម្នាក់បានបាត់បង់ជីវិតក្រោយពេលដែល ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ ដល់មន្ទីរពេទ្យព្រះកុសុមៈ បន្ទាប់ពីរូបគេកាន់កន្ត្រៃមួយ ហើយឡើងទៅលើធ្នើរ ដាក់ចានឆ្នាំងមួយដែលមាន កម្ពស់ប្រមាណជាង១ម៉ែត្រ បន្ទាប់មកបានលោតចុះមកក្រោម បណ្ដាលឲ្យធ្លាក់ផ្កាប់មុខ មកដីត្រូវបានកន្ត្រៃ នោះជុងមុតក្រោមដោះខាងស្ដាំ បណ្ដាលឲ្យស្លាប់តែម្ដង។ ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរហូតដល់វេលាម៉ោង៦ល្ងាចថ្ងៃដដែលទើបភ្ញាក់ផ្អើលដល់នគរបាលនិង អាជ្ញាធរ មូលដ្ឋានចុះទៅពិនិត្យមើល។
ក្មេងប្រុសរងគ្រោះខាងលើឈ្មោះ ផុន ថារ៉ា អាយុ៧ឆ្នាំ មានម្ដាយជាស្រីមេម៉ាយឈ្មោះ សាយ កុសល អាយុ៣១ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ហើយក្មេងរងគ្រោះមានបងប្អូនបង្កើតចំនួន៣នាក់ ចំណែករូបគេគឺជាកូនទី២ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះរូបនោះ បានស្នាក់នៅជា មួយជីដូនរបស់ខ្លួន ចំណែកស្ត្រីជាម្ដាយ បានទៅធ្វើការរោងចក្រកាត់ដេរ ខណៈនោះគេបានកាន់កន្ត្រៃលេង និងបានឡើងទៅលើធ្នើរ ដាក់ចានឆ្នាំងខាងក្រោយផ្ទះ ដែលមានកម្ពស់ប្រមាណជាង១ម៉ែត្រ ដើម្បីលោត លេង ហើយក៏បានធ្លាក់ផ្កាប់មកមកដី បណ្ដាលឲ្យជុងកន្ត្រៃមុតក្រោមដោះខាងស្ដាំ រងរបួសយ៉ាងធ្ងន់ធ្ងរ ។
ចំណែកលោកយាយ របស់គេមិនបានដឹងនោះឡើយ រហូតក្មេងប្រុសស្រែកយំ ទើបរត់ពីមុខផ្ទះទៅមើល ឃើញចៅរបួសធ្ងន់ទើប នាំទៅកាន់គ្លីនិកឯកជនមួយ ប៉ុន្តែគ្រូពេទ្យនៅទីនោះមិនហ៊ានព្យាបាល ទើបបញ្ជូនបន្តទៅកាន់ មន្ទីរពេទ្យ ព្រះកុសុមៈ ហើយពេលទៅដល់ គ្រូពេទ្យបានប្រាប់ថា ក្មេងប្រុសខាងលើបានស្លាប់បាត់ទៅហើយ ទើបដឹកត្រឡប់មកផ្ទះវិញធ្វើបុណ្យ តាមប្រពៃណីជាតិ៕