មណ្ឌលគិរី ៖ ជនសង្ស័យ១២នាក់ ត្រូវបានមន្ត្រីជំនាញឃាត់ខ្លួនធ្វើការសាកសួរនៅមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី២៣ មេសា ២០១៦ នេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្ត ។
ប្រភពឱ្យដឹងថា ជនសង្ស័យទាំងនោះ បានចូលទៅកាប់ឈើប្រណីតនៅក្នុងតំបន់ព្រៃការពារដែនជម្រកសត្វព្រៃ ព្រេច កាលពីថ្ងៃទី២១ មេសា ២០១៦ ។
ជនសង្ស័យដែលធ្វើសកម្មភាពបទល្មើសនៅក្នុងតំបន់ព្រៃការពារ ដែនជម្រកសត្វព្រៃភ្នំព្រេច ដែលមាននិយាមការលេខ(0703934-1412597) នៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សុទ្ធតែអ្នករស់នៅក្នុងភូមិរវៀង ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ ។
ចំណែក វត្ថុដែលឃាត់បានរួមមាន គោយន្តកន្ត្រៃយ៍ចំនួន៤គ្រឿង, រណារយន្តចំនួន៣គ្រឿង, ពូថៅដៃចំនួន៣គ្រឿង, កាំបិតចំនួន៣គ្រឿង, ដែកត្បែង២ដើម, ត្រសេសចំនួន១ដើម, ទូរស័ព្ទ១គ្រឿង, កៅឡាក់៤ និងឈើប្រណីតប្រភេទឈើបេងចំនួន១៦ដុំ ៕