កំពង់ឆ្នាំង ៖ ឈើម្រះព្រៅ ៦ដុំ ដែលឈ្មួញដឹកបង្កប់ តាមរថយន្តក្រុង ដឹកអ្នកដំណើរ បន្លំភ្នែកសមត្ថកិច្ច ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ចូលទៅក្រុងភ្នំពេញ ត្រូវបាន នគរបាលសេដ្ឋកិច្ចខេត្ត បង្ក្រាបបានភ្លាមៗ នៅវេលាម៉ោង ១២និង២០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ។
រថយន្តក្រុងដឹកអ្នកដំណើរ ដែលសមត្ថកិច្ចឃាត់បាន ខណះដែលរកឃើញ មានបង្កប់ឈើម្រះព្រៅ ជារបស់ក្រុមហ៊ុន លីហុង ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3d2597 បើកបរពីខេត្តពោធិ៍សាត់ ឆ្ពោះចូលក្រុងភ្នំពេញ មានដឹកអ្នកដំណើរ ។ សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលបង្ក្រាបនេះ សមត្ថកិច្ចបានទទួល ព័ត៌មានច្បាស់លាស់ ពីភិនភាគ ស្លាកលេខ ពណ៍ មកដល់ចំណុចខាងលើ ទើបសមត្ថកិច្ចឃាត់ជាប់ ក៍បានរាយការណ៍ ជូនលោកស្នងការ នគរបាលខេត្ត និងសុំការអនុញ្ញាតិ ពីព្រះរាជអាជ្ញារង សាលាតំបូងខេត្ត លោក គីម ហុងសាន្ត នាំយកមកស្នងការដ្ឋាន នគរបាលខេត្ត ធ្វើការត្រួតពិនិត្យ។
ក្នុងនោះសមត្ថកិច្ច រកឃើញឈើ ប្រភេទដើមម្រះព្រៅ ៦ដុំ ដែលឈ្មួញវិចខ្ចប់ លាក់ដាក់បង្កប់ ជាមួយអ្នកដំណើរ និងឥវ៉ាន់គេចពន្ធ មានកន្ទេលបត់ ១០០គីឡូក្រាម កំរាលព្រុំវែង ៣០៩គីឡូក្រាម និងកំរាលព្រុំខ្លី ១៣៦គីឡូក្រាម ។ នៅក្នុងការបង្ក្រាបខាងលើនេះ សមត្ថកិច្ច ឃាត់បានម្ចាស់ឈើម្នាក់ ឈ្មោះ ម៉ូ ផល្លីន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅក្នុង ភូមិស្ទឹងតូច សង្កាត់រលៀប ក្រុងពោធិ៍សាត់។ នៅមុខសមត្ថកិច្ច បានសារភាពថា ឈើម្រះព្រៅខាងលើនេះ គេដឹកតាមរថយន្តក្រុង ដោយបន្លំជាមួយ អ្នកដំណើរយកទៅលក់ នៅក្រុងភ្នំពេញ ក៍ត្រូវបានសមត្ថកិច្ច ស្ទាក់ចាប់បានតែម្តង ។
ក្រោយការបង្ក្រាប អ្នកដំណើរត្រូវបានបន្តដំណើរ តាមរថយន្តផ្សេងទៀត ឆ្ពោះទៅគោលដៅរៀងៗខ្លួន ធ្វើអោយមានការរិះគន់ យ៉ាងខ្លាំងលើរថយន្តក្រុង ដឹកអ្នកដំណើរ របស់ក្រុមហ៊ុនខាងលើ មិនបានគិតពីអ្នកដំណើរ ធ្វើអោយមានការលំបាក។ ក្រោយការសាកសួររួច សមត្ថកិច្ចនគបាលសេដ្ឋកិច្ចខេត្ត បានកសាងឯកសារ ឈើនិងមនុស្ស ប្រគល់អោយ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ ដោយឡែកឥវ៉ាន់គេចពន្ធ ត្រូវបានប្រគល់អោយទៅ សាខាគយនិងរដ្ឋាករ ខេត្តកំពង់ឆ្នាំង ចាត់ការតាម នីតិវិធីច្បាប់ផងដែរ៕