ភ្នំពេញ ៖ ស្ត្រីម្នាក់រាងកាយស្គមស្គាំង និងទឹកភ្នែករលីងរលោង ធ្វើដំណើរទៅប្តឹងនគរបាលប៉ុស្តិ៍ទួលសង្កែ កាលពីវេលាម៉ោង៦ និង៤០នាទីព្រឹកថ្ងៃ២៥ មេសា ២០១៦ ដើម្បីឱ្យជួយអន្តរាគមន៍ជូនទៅផ្ទះវិញ បន្ទាប់ពីបុរសជាប្តីល្មោភកាមបង្ខំឱ្យបម្រើផ្លូវភេទគ្មានលោះថ្ងៃ អស់រយៈពេល៨ខែមកហើយ។
ប្រភពឱ្យដឹងថា នារីខាងលើឈ្មោះ ឆែម ម៉ាលីន អាយុ២៩ឆ្នាំ ជាកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិព្រៃខ្សេវ ឃុំព្រែកតូច ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកប្តីល្មោភកាមឈ្មោះសាំង ភេទប្រុស អាយុ២៦ឆ្នាំ ជាជាងសំណង់ មានស្រុកកំណើតនៅស្រុកកំចាយមា ខេត្តព្រៃវែង អ្នកទាំង២នាក់ស្នាក់ក្នុងការដ្ឋានសំណង់មួយកន្លែងលើផ្លូវជាតិលេខ ៥ ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ។
បើតាមនារីរូបនោះរៀបរាប់ទាំងទឹកភ្នែកថា នាងមិនចង់រស់នៅជាមួយប្តីទៀតទេ ដោយទ្រាំលែងបានហើយ ដែលមួយថ្ងៃៗត្រូវប្តីគំរាមកំហែង និងវាយធ្វើបាបបង្ខំឱ្យបម្រើផ្លូវភេទគ្មានលោះថ្ងៃ ដោយរូបនាងសុំឱ្យនគរបាលជួយអន្តរាគមន៍ជួយនាងទៅស្រុកកំណើត ដើម្បីគេចពីប្តីផង ។
ស្ត្រីនោះបន្តថា នាងនិងបុរសឈ្មោះសាំង បានរស់នៅជាមួយគ្នា ជាប្តីប្រពន្ធបានប្រមាណតែ៨ខែតែប៉ុណ្ណោះ ។ ការឈានទៅមាននិស្ស័យស្មេហ៍ មុនដំបូងតាមរយៈទូរស័ព្ទច្រឡំ ដោយមានវាចាផ្អែមល្ហែម បានធ្វើឱ្យនាងចាប់ចិត្ត និងណាត់ជួបគ្នា ហើយបាននាំគ្នាទៅជួបចាស់ទុំសែនព្រេនផ្សំផ្គុំរស់នៅជាមួយគ្នា ។ តាមស្ត្រីរូបនោះបានឱ្យដឹងទាំងទឹកភ្នែកថា គាត់សង្ឃឹមនឹងមានសេចត្តីសុខ តែផ្ទុយទៅវិញ ជួបបុរសកំពូលប្រចណ្ឌ និងកំពូលបង្ខំឱ្យបម្រើផ្លូវភេទ ។ បើមិនព្រម ត្រូវប្តីវាយធ្វើបាបទឹកភ្នែករាល់ថ្ងៃ ។
លុះនៅព្រឹកថ្ងៃទី២៥ មេសា នេះ ពេលភ្ញាក់ពីដេកមិនទាន់ទេ លោកប្តីមានអារម្មណ៍ផ្លូវភេទ មិនឱ្យនាងទៅធ្វើការទេ ទោះបីជាខំអង្វរយ៉ាងណា ក៏មិនព្រម ក្រោយមក ក៏ព្រមហើយក៏បានធ្វើដំណើរទៅធ្វើការទាំងអស់សង្ឃឹម ។ នៅពេលធ្វើទៅដល់រោងចក្រ ក៏សុំឱ្យសន្តិសុខជូនមកប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីសុំអន្តរាគមន៍ឱ្យនាំទៅស្រុកវិញ ។