ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវ ប្ដីស្រវឹងខួប វាយតប់ឡើង ហើមមុខហើមមាត់ រហូតសន្លប់ស្តូកស្តឹង ត្រូវបានបងប្អូន ហៅរថយន្តសាមុយ ដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ នៅវេលាម៉ោង ១០និង០០ នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នៅចំណុចផ្លូវលំ ស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផុំ សុភាព អាយុ ២៦ឆ្នាំ មុខរបរបេះផ្កាលក់ ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រងរបួសហើមមុខមាត់សន្លប់ មិនដឹងខ្លួន ត្រូវរថយន្តសាមុយ មន្ទីរពេទ្យបង្អែក មានជ័យ ដឹកយកទៅសង្គ្រោះ។ ក្រោយពេល វាយប្រពន្ធរបស់ខ្លួន សន្លប់ស្តូករួចហើយ បុរសជាប្តី បានរត់គេចខ្លួនបាត់ ហើយនៅពេលនេះ សមត្ថកិច្ចនគរបាល កំពុងតាមចាប់ យកមកផ្តន្ទាទោសតាមច្បាប់៕