កំពង់ចាម៖ ជនសង្ស័យ៣នាក់ ប្រដាប់ដោយកាំភ្លើងអាកា១ដើម និងកាំភ្លើងខ្លី១ដើម បានចូលភ្ជង់ និងចាប់ចងស្ត្រីម្ចាស់ផ្ទះ ប្លន់យកលុយ និងគ្រឿងអលង្ការជាង៧ម៉ឺនដុល្លារស្ថិតនៅភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ក្រោយពេលដែលស្ត្រីរងគ្រោះ ទើបត្រឡប់មកពីហូបការគេវិញ។ យ៉ាងណាក៏ដោយ ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ និងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ថា តើពិតជាករណីប្លន់ ឬករណីអ្វីផ្សេងទៀត។សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ហឹម ហយ អាយុ៥០ឆ្នាំ។ ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ពោលនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ គាត់បានទៅហូបការគេ ស្ថិតនៅភូមិវាលឌិន ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ហើយប្តី និងកូនក៏ទៅហូបការគេផងដែរ តែនៅកន្លែងផ្សេង។
ស្ត្រីរងគ្រោះបានបន្តទៀតថា «លុះដល់ម៉ោង៧និង៣០នាទីយប់ កូនស្រីទៅផ្ទះគេ ខ្ញុំមកផ្ទះខ្ញុំ (នៅទល់មុខគ្នា) ពេលខ្ញុំចូលដល់ក្នុងផ្ទះ ចូលទៅរោងបាយក្រោយផ្ទះ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ៣នាក់ ដែលមានពាក់ម៉ាស់ ហក់ចូលមកភ្ជង់ ចាប់អូសឡើងលើផ្ទះរួចយកខ្សែលួស ចងដៃភ្ជាប់ហ្នឹងសសរផ្ទះ ច្របាច់ក ទះកំផ្លៀង សួររកលុយទុកនៅឯណា? គ្នាវាម្នាក់ទៀត ដែលកាន់ដែកជើងជ្រូក គាស់ប្រអប់គ្រែយកលុយ និងមាស រួចរត់គេចខ្លួនតាមទ្វារក្រោយបាត់ទៅ»។
ក្រោយការសួរនាំ ជនរងគ្រោះឆ្លើយថា ក្រុមចោរយកអស់លុយជាង៧ម៉ឺនដុល្លារ មាស២,៥ដំឡឹង ដែលទ្រព្យសម្បត្តិខ្លះ ជារបស់កូនដែលយកមកផ្ញើ និងខ្លះទៀតរបស់ស្ត្រីជាម្តាយ។ មន្ត្រីនគរបាលខេត្តកំពង់ចាម បានប្រាប់ នៅរសៀលថ្ងៃនេះថា កម្លាំងនគរបាលជំនាញ និងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បាននិងកំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីបំបែកករណីមួយនេះ៕