សៀមរាប ៖ ស្ត្រីជាម្តាយម្នាក់បានធុញថប់ និងខូចចិត្តដោយសារប្តីកំហូចដើរមិនចូលផ្ទះ ក៏ដាច់ចិត្តទៅចាប់កូនស្រីអាយុ ទើបតែ៦ខែរបស់ខ្លួនរឹត.កនិងក្រមា បណ្តាលឱ្យស្លាប់ភ្លាមៗមួយរំពេច ហើយបន្តទៅចាប់កូនប្រុសអាយុ៣ឆ្នាំម្នាក់ទៀតរឹត.ក សម្លាប់ដែរ តែសំណាងល្អត្រូវអ្នកស្រុកជួយទាន់ តែកូនប្រុសបានរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ក្នុងថ្ងៃទី២៦ មេសា ២០១៦ ស្ថិតនៅចំណុចអូរមានជ័យ ក្នុងភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។លោកអធិការស្រុកស្វាយលើបានប្រាប់ថា ស្ត្រីសង្ស័យជាម្តាយខាងលើឈ្មោះជឿន ជូ អាយុ២៦ឆ្នាំ មានប្តីឈ្មោះព្រហ្ម ទ្បិច អាយុ៣៨ឆ្នាំ បានទៅរកស៊ីនៅខេត្តប៉ៃលិន ដោយទុកកូន២នាក់ប្រុស-ស្រី ១-ឈ្មោះទ្បិច វណ្ណា ភេទប្រុស អាយុ៣ឆ្នាំ (របួសធ្ងន់) និង ២-ឈ្មោះទ្បិច វណ្ណ ភេទស្រី អាយុ៦ខែ (ស្លាប់) ។
ប្រភពបន្តថា ស្ត្រីសង្ស័យជាម្តាយត្រូវគេនិយាយ មានវិបត្តិរហូតវិកលចរិតទៅហើយ ព្រោះបានទៅបើកថ្នាំសរសៃប្រសាទផឹករហូត ដោយមានសំបុត្រពេទ្យសរសៃប្រសាទ ដើម្បីបើកថ្នាំប្រចាំខែ ។
តែទោះជាយ៉ាងណា សំបុត្រនោះត្រូវមានការបញ្ជាក់ពីមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីយកឱ្យកាន់តុលាការមើលដែរ។ បច្ចុប្បន្ន ស្ត្រីសង្ស័យជាឃាតករនោះ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនភ្លាមៗ ដើម្បីយកមកសួរនាំនៅអធិការស្រុកស្វាយលើ រួចរៀបចំកសាងសំណុំរឿងបញ្ជូនមកកាន់តុលាការនៅថ្ងៃទី២៧ មេសា នេះ ។