ព័ត៌មាន​លម្អិត​ស្តីពី​ការបង្ក្រាប ករណី​ជួញដូរ គ្រឿងញៀន ពី​អាវុធហត្ថ​រា​ធានី​ភ្នំពេញ ម្សិលមិញ

28-April-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖ យោ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កងរាជអាវុធហត្ថ រា​ធានី​ភ្នំពេញ បាន​បង្ហោះ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ នេះ​បាន​ឲ្យ​ដឹងថា កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ បង្ក្រាប​ក្រុម​ជួញដូរ គ្រឿងញៀន ដ៏​ធំ​មួយ ធ្វើ​ឲ្យ​កក្រើក រាជធានី​ភ្នំពេញ ដោយសារ មានការ​បាញ់​តដៃ​គ្នា រាប់រយ​គ្រាប់ នៅ​ល្ងាច​ថ្ងៃទី​២៧ មេសា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​។​

​យោងតាម​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹងថា ហេតុការណ៍​នោះ ដំបូង​ឡើយ បាន​ផ្តើមចេញពី កម្លាំង​ជំនាញ ការិយាល័យ​បទល្មើស គ្រឿងញៀន ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី ប៉ាន់ សុភាព ជា នាយការិយាល័យ និង​លោក​អនុសេនីយ៍ឯក ទៀន ករុណា នាយរង ការិយាល័យ​បទល្មើស គ្រឿងញៀន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ចាប់បាន​ជនល្មើស ជួញដូរ​គ្រឿងញៀន ម្នាក់ ឈ្មោះ​លី វីរៈ អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ម្តុំ​បឹង​ឈូក ទល់មុខ ពេទ្យ​លោកសង្ឃ និង​ដកហូត​ថ្នាំញៀន បាន ២០៦​គ្រាប់​។​

​តាម​ចម្លើយសារភាព របស់ ជនល្មើស​ម្នាក់នេះ បាន​ប្រាប់ថា «​មេក្លោង​ធំ​រប​ស់វា នៅផ្ទះ​លេខ​៣៧ ផ្លូវ​លេខ​៣៥១ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ទើប​កម្លាំង​សមត្ថកិច្ច អាវុធហត្ថ រាជធានី​ភ្នំពេញ បាន​សុំ​គោលការណ៍ ពី ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ឋ និង​ព្រះរាជអាជ្ញារង សៀង សុខ ចុះទៅ​បង្ក្រាប ក្រុម​ជួញដូរ​ថ្នាំញៀន ទាំងនោះ ដោយ​សហ​ការណ៍ ជាមួយ អាវុធហត្ថ​ខណ្ឌទួលគោក​»​។​
​ប្រភព​ខាងលើ​បាន​បន្ត​សរសេរ​ទៀតថា ពេលទៅដល់​ផ្ទះ​ជនល្មើស ដែលមាន​ពីរ​ជាន់​(​ថ្ម​ក្រោម ឈើ​លាយ​ថ្ម ខាងលើ​) សមត្ថកិច្ច អាវុធហត្ថ ក៏​សំរុក​ចូលដល់​ក្នុងផ្ទះ ជាន់​ខាងក្រោម ឃាត់ខ្លួន​ជនសង្ស័យ បាន​៣​នាក់ និង​បន្ត​ឡើង ទៅជា​ន់​លើ ឃាត់ខ្លួន​បាន បក្ស​ពួកវា​ម្នាក់ទៀត ភ្លាមៗ​នោះ ជនល្មើស ដែលជា​មេក្លោង​ធំ របស់​ពួកវា បាន​ចេញមក បាញ់ប្រហារ លើ​កម្លាំង​សមត្ថកិច្ច បណ្តាលអោយ អាវុធហត្ថ​ម្នាក់ ត្រូវ​១​គ្រាប់ ហើយ​សមត្ថកិច្ច អាវុធហត្ថ បាន​បាញ់​តបត ដើម្បី​រំដោះ​អ្នករបួស យកទៅ​មន្ទីរពេទ្យ តែ​ជា​អកុសល ត្រូវបាន​ពលី ពេល​បញ្ជូន​ដល់ មន្ទីរពេទ្យ​កាល់ម៉ែត​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កងរាជអាវុធហត្ថ​រា​ធានី​ភ្នំពេញ សរសេរថា បន្ទាប់មក ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ដឹកនាំ​កម្លាំង (​ខ​) អន្តរាគមន៍ ទៅដល់​កន្លែងកើតហេតុ ដោយផ្ទាល់ តែ​ដោយ​ផ្ទះ របស់ ជនល្មើស ចាប់​កាមេរ៉ា​សុវត្ថិភាព គ្រប់​ទីកន្លែង ធ្វើ​ឲ្យ កម្លាំង​ប្រតិបត្តិការ មិនអាច​ចូល ទៅក្នុង​ផ្ទះ​បាន ហើយ​ជនល្មើស បាន​បាញ់​សង្គ្រប់ មកលើ​សមត្ថកិច្ច ជា​បន្តបន្ទាប់ មិនតិចជាង ៥០​គ្រាប់ ទើប ឯកឧត្តម រ័ត្ន ស្រ៊ាង បញ្ជា​ឲ្យ​កម្លាំង របស់លោក បាញ់​កំទេច​កាមេរ៉ា ចោល​មួយចំនួន និង​សម្រុក​ចូលទៅ បាញ់ប្រហារ​តបត ជាមួយ​ជនល្មើស ដែលជា​មេក្លោង​ធំ​នោះ បណ្តាល​ឲ្យ​ងាប់ នៅក្នុង​បន្ទប់ដេក របស់​វា ដែលមាន​កាមេរ៉ា​តែម្តង​។​​ក្នុង​ប្រតិបត្តិការ​សំរុកចូល​នោះ ជនល្មើស ក៏បាន​បាញ់ប្រហារ ត្រូវ​កម្លាំង​អាវុធហត្ថ ០២​នាក់ ទៀតផង​ដែរ គឺ​ម្នាក់​ត្រូវ​ដើមទ្រូង តែ​បាន​អាវ​ក្រោះ ការពារ ដោយ​ក្បាល​គ្រាប់ បៀម​ជាប់​អាវ​ក្រោះ និង​ម្នាក់ទៀត ត្រូវចំ​ភ្លៅ​ឆ្វេង តែ​បាន​ទូរស័ព្ទ iPhone ពីរ​គ្រឿង នៅក្នុង​ហោប៉ៅ​ខោ ជួយ​ទប់​គ្រាប់ បណ្តាល​ឲ្យ កំពិត​ទូរស័ព្ទ ទាំងពីរ​គ្រឿង ពេល​សមត្ថកិច្ច ចូលទៅ​ឆែកឆេរ ក្នុង​បន្ទប់ របស់​ជនល្មើស រកឃើញថា ជន​នោះ បាន​ចាក់​គ្រឿងញៀន​ចោល បង្ហូរ​ចូលទៅក្នុង​បង្គន់ ទាំងអស់ ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច ប្រមូល​បានតែ កំទេចកំទី ថ្នាំញៀន មួយចំនួន ដែល​វា​ធ្វើ​កំពប់ ក្រៅ​បង្គន់​ប៉ុណ្ណោះ ហើយ​ជនល្មើស បាន​ដុតបំផ្លាញ ឯកសារ​ពាក់ព័ន្ធ មួយចំនួន​ផងដែរ ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច អាវុធហត្ថ មិនទាន់​អាច​កំណត់ អត្តសញ្ញាណ មេក្លោង​ធំ​នេះ បាន​នៅឡើយ​។

​ក្រោយ​ប្រតិបត្តិការ​អស់​ប្រហែល​ជាង​២​ម៉ោង សមត្ថកិច្ច​អាវុធហត្ថ រាជធានី​ភ្នំពេញ បាន​គ្រប់គ្រង សភាពការណ៍ ទាំងស្រុង ដោយ​ឃាត់ខ្លួន ជនល្មើស​សរុប​បាន ០៥​នាក់ បាញ់​ងាប់ ០១​នាក់ ដកហូត​អាវុធ​បាន ០៦​ដើម (​អាវុធខ្លី​០៥​ដើម អាវុធ​វែង​AK ០១​ដើម​) រថយន្ត ០២​គ្រឿង គឺ Luxus RX300 មួយគ្រឿង ស្លាក​លេខ ភ្នំពេញ 2AF-1549 និង​រថយន្ត AudiQ7 មួយគ្រឿង ម៉ូតូ ០៤​គ្រឿង ហើយ​ពលី កម្លាំង​អាវុធហត្ថ​ម្នាក់ គឺ​លោក អនុសេនីយ៍ឯក ទៀន ករុណា នាយរង​ការិយាល័យ បទល្មើស គ្រឿងញៀន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​តម្កល់​ធ្វើបុណ្យ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដែល​នឹង​ដង្ហែរ​ទៅ​បូជា ថ្ងៃ​សៅរ៍ ទី​៣០ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ០២​រសៀល នៅ​វត្ត​ន​ន្ទ​មុន្នី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​៕

ចំនួនអ្នកទស្សនា

    20545617

  • ថ្ងៃនេះ2201
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81281
  • ខែនេះ103161
  • ឆ្នាំនេះ103161
  • សរុប20545617