ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ខណៈ​សមត្ថកិច្ច ចុះ​ឆែកឆេរ​ផ្ទះ បើក​កន្លែង​បញ្ចាំ​របស់ រកឃើញ​ថ្នាំញៀន

29-April-2016 | ដោយ មែន កំសត់

បាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត  ដែល​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង ចុះ​ឆែកឆេរ លំនៅឋាន​បើក​កន្លែង​បញ្ចាំ​របស់  លួចលាក់​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ។​

​កិច្ចប្រតិបត្តិការ​នេះ គឺ​យោងទៅលើ​ពាក្យបណ្តឹង​មួយចំនួន​របស់​ជនរ​ង​គ្រោះ  ទើប​នៅវេលា​ម៉ោង​១២​និង​៣០ នាទី​ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៦ កម្លាំង​មន្ទីរ​យុត្តិធម៌ នៃ​ទី បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក ហេង លុយ ព្រះរាជអាជ្ញារង​ខេត្តបាត់ដំបង បាន​ចុះ​ទៅដល់​លំនៅឋាន​របស់​ឈ្មោះ គឹម លី អាយុ ៣៥ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ទិ​ត្យ ដា​ឡែ​ន អាយុ ២៣ ឆ្នាំ ដែល​ពួកគេ​មាន មុខរបរ ទទួល​បញ្ចាំ ។​
​គួរ​បញ្ជាក់ថា  ទីតាំង​ដែល​កម្លាំង​បាន​ចុះទៅ​ធ្វើការ​ឆែកឆេរ​នេះ​គឺ​ស្ថិត​ក្នុងភូមិ អន្លង់​វិល  ឃុំ​អន្លង់​វិល  ស្រុក​សង្កែ  ខេត្តបាត់ដំបង ។ ក្នុងនោះ​កម្លាំង បាន​ឆែកឆេរ រកឃើញ​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក ១ កញ្ចប់ ទម្ងន់ ៧៥,៣៥ ក្រាម និង​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​មួយ ។​
​ក្រោយពី​បានធ្វើ​ការឆែកឆេរ ព្រមទាំង​បាន​រកឃើញ​នូវ​វត្ថុតាង​រួចមក​កម្លាំង​កងរាជអាវុធហត្ថ បាន​ឃាត់ខ្លួន​ជន​ទាំងពីរ​នាក់​ដែលជា​អ្នកបើក​មុខរបរ​ទទួល​បញ្ចាំ​របស់  ព្រមទាំង​បងថ្លៃ ម្នាក់ទៀត ឈ្មោះ ទិ​ត្យ ប៉ូ​លីន  ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ដែលជា​ជន​រួមគំនិត​ក្នុងការ​ប្រកប មុខរបរ​ចែកចាយ​គ្រឿងញៀន​នេះ ។

​លោក​វរសេនីយ៍ត្រី សូ ឌី ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​មានប្រសាសន៍ថា ទីតាំង​ខាងលើនេះ គឺ​កម្លាំង​បាន​តាមដាន និង​ស្រាវជ្រាវ​ជា​យូរ​មកហើយ ប៉ុន្តែ​វា​គ្មាន​ឱកាស​ទាល់តែសោះ  លុះ​ដោយមាន​ការសង្ស័យ​កាន់តែច្បាស់​ខ្លាំង​ឡើង​ទើប លោក​បាន​សុំ​គោល​ការ​ទៅ​លោក​ព្រះរាជអាជ្ញារង ហេង លុយ ដើម្បី​សុំអោយ​លោក​ចូលរួម ដឹកនាំ​កម្លាំង​ក្នុង​ការចុះ​ឆែកឆេរ​លំនៅឋាន​ខាងលើ នៅ​ទីបំផុត​គឺ​សម្រេច បាន​ជោគជ័យ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​កម្លាំង ជំនាញ​រៀបចំ ឯកសារ​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

ចំនួនអ្នកទស្សនា

    20545597

  • ថ្ងៃនេះ2181
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81261
  • ខែនេះ103141
  • ឆ្នាំនេះ103141
  • សរុប20545597