កែប ៖ មានការភ្ញាក់ផ្អើលមួយ កើតឡើងកាលពីចន្លោះម៉ោង០១ ទៅម៉ោង០៣នាទីទៀបភ្លឺថ្ងៃទី២៨ មេសា ២០១៦ នេះ ដោយនៅផ្ទះទើបតែការកូនស្រីមួយកន្លែង ស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូក្រសារ ក្រុងកែប ត្រូវចោរលួចទ្រព្យសម្បត្តិ រួមមានលុយខ្មែរចំនួន៧លានរៀល, ប្រាក់ដុល្លារចំនួន៨៥០ដុល្លារ, ខ្សែ.កមាសទម្ងន់៥ជី, ខ្សែ.កផ្លាកទីនមួយខ្សែ ទម្ងន់៣ជីកន្លះ, ទូរសព្ទ័ដៃម៉ាកអាយហ្វូនមួយគ្រឿង ។
យោងតាមប្រភពពីសមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ ផ្ទះគ្រួសារជនរងគ្រោះខាងលើ ក្នុងយប់ថ្ងៃទី២៧ មេសា ២០១៦បានរៀបពិធីអាពាហ៍ពិពាហ៍កូនស្រី ។ ក្រោយពីភ្ញៀវពិសារភោជនាអាហារ និងរាំរែកចប់នៅត្រឹមម៉ោង១២អធ្រាត្រ ភ្ញៀវបានត្រឡប់ទៅផ្ទះអស់ ។ រីឯម្ចាស់ផ្ទះ បានចូលដេកហើយទុកប្រាក់ចំណងដៃ ក្នុងកាបូបស្ពាយដាក់លើគ្រែក្បែរខ្លួនដេក ។
លុះនៅម៉ោងប្រហែល១យប់ ម្ចាស់ប្រែខ្លួនឃើញកាតាបនៅក្បែរខ្លួន ប៉ុន្តែមិនបានចាប់អារម្មណ៍ថា មិនដឹងជនមិនស្គាល់មុខ បើកខ្សែរូតយកសម្ភារលុយកាក់មាសប្រាក់តាំងពីពេលណានោះទេ ។ លុះដល់ម៉ោង៣ទៀបភ្លឺ ទើបម្ចាស់ភ្ញាក់ពីដេកមើលទៅកាតាបក្បែរខ្លួន ឃើញខ្សែរូតចំហពិនិត្យទៅបាត់អស់របស់អស់ទៅហើយ ទើបផ្អើលឆោឡោឡើង ហើយនៅព្រឹកឡើង ទើបម្ចាស់ផ្ទះទៅប្តឹងកងរាជអាវុធហត្ថក្រុងកែបឱ្យចុះពិនិត្យ។
ប្រភពបន្តទៀតថា ជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះនូ ខាន់ ភេទប្រុស អាយុ៤៧ឆ្នាំ ជាកសិករ រស់នៅកន្លែងកើតហេតុខាងលើ ។ បច្ចុប្បន្ន សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងកែប កំពុងចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាហើយ ៕