សត្វ​ស្វា​រាប់សិប​ក្បាល​ដេក​ងាប់​ពេញ​ព្រៃរនាម​‬ មាត់បឹង​ទន្លេសាប ទំនង​ដោយសារ​រត់គេច ពី​ភ្លើង​ឆេះ​ព្រៃ និង​អត់​ទឹក​ផឹក​

29-April-2016 | ដោយ មែន កំសត់


​ខេត្តបាត់ដំបង​៖ ​សត្វ​ស្វា​ខ្មៅ និង​សត្វ​ទោច រាប់សិប​ក្បាល បាន​ដេក​ងាប់ នៅក្នុង​ព្រៃរនាម នា​មាត់បឹង​ទន្លេសាប ដែល​គោក​រីង​ហួតហែង​ទំនង បណ្ដាលមកពី​អត់​ទឹក​ផឹក ច្រើន​ថ្ងៃ​ហើយ​ត្រូវបាន​អ្នកស្រុក​ប្រទះឃើញ​រាយការណ៍ ទៅ​មន្ត្រី​អាជ្ញាធរ​ជំនាញ​ចុះទៅ​ត្រួត​ពិនិត្យមើល​។​
​ការប្រទះឃើញ​សត្វ​ស្វា​ជាច្រើន​ក្បាល ដេក​ងាប់​ពេញ​ព្រៃរនាម នា​មាត់បឹង​ទន្លេសាប​ដែល​រីង​ទឹក​ហួតហែង​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ ស្ថិតនៅ​តំបន់ បឹង​ស្នោ បឹង​រណ្តៅ​គ្រាប់បែក និង​បឹង​ត្រោះ ដែល​រាំងស្ងួត​ហួតហែង តាំងពី​មាន​ភ្លើង​ឆេះ​ព្រៃ នៅ​ចំណុច​ម្តុំ​វាល​ដូន​អំ ឃុំ​ព្រែក​លួង ស្រុក​ឯក​ភ្នំ ចំងាយ​៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់ដំបង កាលពី​សប្តាហ៍​មុន​។ ក្នុងនោះ​តាម​មន្ត្រី សហគម​ន៏​បានអោយដឹងថា​យ៉ាងហោចណាស់ ក៏មាន​សាកសព​សត្វ​ស្វា​ខ្មៅ​ជាង​៣០​ក្បាល​ដែរ ត្រូវបាន​គេ​រកឃើញ​ងាប់​ជា​យូរថ្ងៃ មកហើយ​នៅតាម​ថ្លុក​ដែល​រីង​គោក​បែក​ក្រហែង និង​នៅលើ​ដើមឈើ​តូចៗ​។​

​មូល​ហេតុដែល​ធ្វើអោយ​សត្វ​ស្វា​ទាំងនេះ​ដេក​ងាប់ គឺ​ទំនង​ដោយសារតែ​ពួកវា​បាន​រត់​ភៀសខ្លួន ពី​តំបន់​ដែលមាន​ភ្លើង​ឆេះ​ព្រៃ មករក​ជម្រក និង​ទឹក​ផឹក​តែដោយសារ​ឆ្នាំនេះ មាន​ភាពរាំងស្ងួត​ខ្លាំង ធ្វើអោយ​បឹងបួ​តូចៗ​មួយចំនួន​ត្រូវ​រាំងស្ងួត​អស់ ទើប​ធ្វើអោយ​សត្វ​សា្វ​ទាំងនោះ ដេក​ងាប់​ដោយសារ​អត់​ទឹក និង​ក្តៅ​ខ្លាំង​ពុំមាន​ជម្រក​ជ្រក​។​
​នេះ​បើតាម​ការណ៍​រៀបរាប់​របស់ លោក ហោ សំអាត​ដែលជា​តំណាង​សហគមន៍​នេសាទ​ស្តី​ក្រោម​រហាល់​សួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ក្នុង​ខេត្តបាត់ដំបង​។​

​រូបថត និង​វិ​ដេ​អូ​របស់លោក​សំអាត​ជាច្រើន ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម Facebook បាន​រៀបរាប់​ពី​មូល​ហេតុដែល​ស្វា​នេះ​ងាប់ និង​ពី​សម្មភាព​សហគមន៍​ចុះទៅ​ជួយ​ធ្វើ​ថ្លុក​សិប្បនិម្មិត​សម្រាប់​អោយ​សត្វ​ស្វា​នៅរស់​ដែល​កំពុង​សែ្វ​ងរ​ក​ទឹក​ផឹក​។​
​តំបន់​វាល​ដូន​អំ​នេះ​ពីមុនមក​មិនមាន​ភ្លើង​ឆេះ​ព្រៃ​ច្រើន​នោះទេ តែ​ឆ្នាំនេះ​ភ្លើង​ឆេះ​ព្រៃ​ស្ទើ​តែ​ទាំងអស់ ដែល​ធ្វើអោយ​សត្វព្រៃ​រត់ចេញ​ទៅ​រក​ទី ដែលមាន​ជម្រក ជាពិសេស​គឺ​រក​ទឹក​ផឹក​។​​បើទោះបីជា​កន្លែង​ភាគច្រើន​នៅ​តំបន់​វាល​ដូន​អំ ស្ទើ​តែ​គ្មាន​ទឹក​នៅក្នុង​បឹងបួ​មួយចំនួន​ក្តី តែ​សហគមន៍​នេសាទ​មួយ​នេះ​បានធ្វើ​ការថែរក្សា និង​អភិរក្ស​ព្រៃ​សហគមន៍​ឋិត​ក្នុង​តំបន់ រាំង​ពេន​បី​ត​។ តំបន់​នេះ​ក្លាយជា​ជម្រក​សត្វព្រៃ ដូចជា​សត្វ​ស្វា​ខ្មៅ​កម្រ​នេះ រត់​ចេញពី​ភ្លើង​ឆេះ​ព្រៃ ទៅរក​ទឹក​ផឹក និង​រក​ចំណីអាហារ​បាន​ដោយ​បរិបូរ​ណ៏​៕

ចំនួនអ្នកទស្សនា

    20546247

  • ថ្ងៃនេះ2831
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81911
  • ខែនេះ103791
  • ឆ្នាំនេះ103791
  • សរុប20546247