ភ្នំពេញ ៖ រហូតមកដល់ពេលនេះ អគ្គស្នងការនគរបាលជាតិ នៅមិនទាន់បានបញ្ជាក់លំអិតអំពីករណីរថយន្តអូឌី សេរ៉ីទំនើប ពាក់ស្លាកលេខ នគរបាល 2-0621 ដែលប៉េអឹមបានដកហូតនៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមជួញដូរ គ្រឿងញៀន កាលពីរសៀលថ្ងៃទី២៧ ខែមេសាធ្វើឲ្យកក្រើកនៅក្នុងរាជធានីភ្នំពេញ នៅឡើយទេ។
រថយន្តអូឌី ដែលពាក់ស្លាកលេខនគរបាល 2-0621 គឺជាឡានរបស់លោកឧត្តមសេនីយ៍ រស់ ឧស្សាហ៍ អគ្គាធិការរងនៃអគ្គាធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាល នៃក្រសួងមហាផ្ទៃ។ ដែលស្លាកលេខនគរបាលដែលបានបំពាក់នៅលើរថយន្តនោះត្រូវបាន មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា ជាស្លាកលេខពិតប្រាកដ មិនមែនក្លែងក្លាយទេ។
ចំពោះករណីនេះ កម្លាំងជំនាញរបស់អគ្គស្នងការនគរបាលជាតិ កំពុងតែធ្វើការសាកសួរលោកឧត្តមសេនីយ៍ រស់ ឧស្សាហ៍អំពីដើមចមដែលនាំឲ្យជនសង្ស័យដែលជាមេក្លោងជួញដូរគ្រឿងញៀន យកឡាននោះទៅជិះ រហូតឈានដល់ការប្រព្រឹត្តបទល្មើស និងត្រូវបានប៉េអឹមបាញ់ស្លាប់ (បាញ់តដៃជាមួយសមត្ថកិច្ច)។
មជ្ឈដ្ឋានទូទៅកំពុងតែចង់ដឹងថា តើមូលហេតុអ្វី បានជាឡានរបស់លោកឧត្តមសេនីយ៍រូបនោះត្រូវបានជនសង្ស័យដែលជាមេក្លោង ជួញដូរគ្រឿងញៀន យកទៅជិះ រហូតទៅពាក់ព័ន្ធការរកស៊ីគ្រឿងញៀន។
លោកឧត្តមសេនីយ៍ អែវ ប៊ុនថុន អគ្គាធិការ នៃអគ្គធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាលនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឲ្យរស្មីកម្ពុជា ដឹងថា ករណីឡានលេខនគរបាលនេះ ខាងសមត្ថកិច្ចកំពុងតែធ្វើស្រាវជ្រាវ ហើយលទ្ធផលនៃការស្រាវជ្រាវ យ៉ាងណានោះ នៅមិនទាន់បានដឹងនៅឡើយទេ។ ដោយលោកបានបញ្ជាក់ថា ខាងសមត្ថកិច្ចបានអញ្ជើញលោក រស់ ឧស្សាហ៍ទៅសាកសួរ ប៉ុន្តែលទ្ធផលយ៉ាងណា គឺលើសមត្ថកិច្ចស្រាវជ្រាវ។
ចំណែក លោក សុខ រីណា អ្នកនាំពាក្យអគ្គធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាល បានឲ្យដឹងថា ពាក់ព័ន្ធរថយន្តរបស់លោក រស់ ឧស្សាហ៍ គឺខាងអគ្គស្នងការនគរបាលជាតិ កំពុងតែធ្វើការស្រាវជ្រាវ ហើយទុកលទ្ធភាពឲ្យខាងប៉ូលិសស្រាវជ្រាវបន្តិចសិនដើម្បីឲ្យដឹង ការពិតវាយ៉ាងណា ហើយលទ្ធផលយ៉ាងណា គឺខាងលោកចាំទទួលពីគាត់។
រីឯលោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ មិនអាចសុំការអត្ថាធិប្បាយបានទេដោយទូរស័ព្ទជាច្រើននដងមិនមាន អ្នកទទួល។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជា ថា ទាក់ទងរឿងឡានលេខ នបខាងក្រសួងមហាផ្ទៃកំពុងតែស្រាវជ្រាវ ហេតុអីបានជាឡាននឹងនៅកន្លែងកើតហេតុ។ ហើយឡាននេះ មានម្ចាស់ឈ្មោះ រស់ ឧស្សាហ៍បានលក់ឡានទៅឲ្យប្រពន្ធជនសង្ស័យ ដែលអាវុធហត្ថបានបាញ់ស្លាប់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា “ម្ចាស់ឡានឈ្មោះ រស់ ឧស្សាហ៍ អគ្គាធិការរង នៃអគ្គធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាលនិងនគរបាល នៃក្រសួងមហាផ្ទៃ យើងកំពុងតែស្រាវជ្រាវរឿងឡាននឹង ហើយលេខជាលេខនគរបាលពិតប្រាកដ អង្គភាពពិតប្រាកដប៉ុន្តែអ្នកឈរឈ្មោះឡាននឹងឈ្មោះផ្សេង ជាជំនួយការរបស់លោក រស់ ឧស្សហ៍”។ ចំពោះករណីនេះ សមត្ថកិច្ចកំពុងតែសួរនាំរឿងនេះ តើវាយ៉ាងម៉េចបានទៅជាចឹង។
គួរបញ្ជាក់ថា មេខ្លោងជួញដូរគ្រឿងញៀនឈ្មោះ លឹម គឹមតេង ដែលរាជអាវុធហត្ថបាញ់ស្លាប់ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦គឺជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀនដែលត្រូវបានសមត្ថកិច្ច ចាប់ខ្លួន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣។ ហើយត្រូវបានលោក ស៊ឺ វណ្ណនីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យដោះលែង ចុះថ្ងៃទី១៨ មេសា ឆ្នាំ២០១៤ ឲ្យដោះលែងឈ្មោះ លឹម គឹមតេង។ ហើយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ ជននេះ ត្រូវបានដោះលែងចេញពីពន្ធនាគារ។
សូមជម្រាបថា ប្រតិបត្តិបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដែលបានបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចប៉េអឹម កាលពីរសៀលថ្ងៃទី២៧ ខែមេសា បានបណ្តាលឲ្យមេក្លោងគ្រឿងញៀនឈ្មោះ លឹម គឹមតេង ស្លាប់ និងបក្ខពួក៥នាក់ ត្រូវបានចាប់ខ្លួន ដកហូតបានកាំភ្លើងវែង-ខ្លី ចំនួន៥ដើម រួមទាំងឡានទំនើបម៉ាក អូឌី ពាក់ស្លាកនគរបាល និង Luxus RX300 និងវត្ថុតាងមួយចំនួនទៀត។ ករណីបង្ក្រាបនេះបានកើតឡើងនៅចំនុច ផ្ទះលេខ៣៧ ផ្លូវ៣៥១ ក្រុម៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក កាលពីវេលាម៉ោងជាង ៣រសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦៕ប្រភព៖រស្មីកម្ពុជា